ការងារសាងសង់ប្រព័ន្ធស្រោចស្រពនិងពង្វាងទឹកកុំឲ្យលិចលង់ភ្នំពេញ-ខេត្តកណ្តាល សម្រេចបាន ៩៥%

វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត និងគម្រោងប្រព័ន្ធដោះទឹកនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គិតត្រឹមពាក់កណ្តាលខែឧសភានេះ សម្រេចបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់នៅខែមិថុនា ឬខែកក្កដាខាងមុខ។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ ទី១)ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២)ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣)ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤)រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅកំលុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

តាមដានជាមួយយើង៖ Million Times

ដោយឡែកវឌ្ឍនភាពការងារស្តារព្រែកពាមសត្ថានៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលគិតចាប់ពីបឹងតាមោករហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែងប្រមាណ ១៩គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល សម្រេចបានប្រមាណ ៦៥% ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះជំហានទី១ និងទី២ គម្រោងការងារដែលត្រូវអនុវត្តមាន ទី១)ការងារកែលម្អស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទី២)ស្ទឹងក្រោមទន្លេបាទីប្រវែង ៧គីឡូម៉ែត្រ ទី៣)ប្រឡាយជើងឯកបីខ្សែប្រវែង ២៧,៥គីឡូម៉ែត្រ ទី៤)ប្រឡាយ៥៩ និង៩០ ប្រវែង ១៨,៨គីឡូម៉ែត្រ ទី៥)ប្រឡាយ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ ទី៦)ព្រែកពាមសត្ថាប្រវែង ១៨,៧គីឡូម៉ែត្រ ទី៧)ប្រឡាយរលាំងជ្រៃ-ស្លាគូប្រវែង ៥៨,៤៥គីឡូម៉ែត្រ និងទី៨)ប្រឡាយអូរខ្សាច់ភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក ប្រវែង ២៧,៧គីឡូម៉ែត្រ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងធនធានទឹក