Elon Musk និយាយថា AI នឹងដណ្ដើមយកការងាររបស់យើងទាំងអស់គ្នា

Elon Musk និយាយថា AI នឹងដណ្ដើមយកការងាររបស់យើងទាំងអស់គ្នា

ខណៈពិភពលោកកំពុងដើរដល់បច្ចេកវិទ្យាទំនើបៗក៏ពិតមែន ប៉ុន្តែមហាសេដ្ឋី Elon Musk បានចេញមកបញ្ជាក់ថា អ្នកទាំងអស់គ្នានឹងអស់ការងារធ្វើ ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដណ្ដើមយកខ្ទេចគ្មានសល់ ហើយវាក៏មិនមែនជារឿងអាក្រក់នោះដែរ ។

លោក Elon Musk បាននិយាយពី AI នៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីបច្ចេកវិទ្យាកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រហែលជាគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងទាំងអស់គ្នានឹងមានការងារធ្វើបន្តទៀតនោះទេ ប៉ុន្តែនេះជាជម្រើស” ។

CEO របស់ក្រុមហ៊ុនដូចជា Tesla និង SpaceX រូបនេះបាន​និយាយទៀតថា “​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការងារ​ដែល​ជា​ចំណង់ចំណូលចិត្ត អ្នក​អាច​ធ្វើ​ការងារ​នោះបាន ​។ ប៉ុន្តែបើចំពោះការងារដឹកទំនិញ និងសេវាកម្មណាផ្សេងទៀតប្រហែលជាមិនអាចដណ្ដើមឈ្នះ AI និងរ៉ូបូតនោះឡើយ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថភាព AI បានកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលអ្នកប្រើប្រាស់កំពុងស្វែងរកវិធីប្រើបច្ចេកវិទ្យាមួយនេះប្រកបដោយការទទួលខុសត្រូវ និងយល់ច្បាស់ពីដំណើរការរបស់វា ។ ទោះយ៉ាងណា ក្តីបារម្ភក៏នៅតែបន្តកើនឡើងផងដែរចំពោះរបៀបដែលឧស្សាហកម្ម និងការងារផ្សេងៗនឹងផ្លាស់ប្តូរទម្រង់ នៅពេលដែល AI រីកសាយភាយនៅលើទីផ្សារ ។

សូមជម្រាបជូនថា លោក Elon Musk ដែលក៏ជា CEO របស់បណ្ដាញសង្គម X (អតីត Twitter) ផងដែរនោះ បច្ចុប្បន្នកាន់តំណែងជាបុគ្គលមានបំផុតលំដាប់ទី៣ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ ជាមួយទំហំទ្រព្យសម្បត្តិសរុបចំនួន ១៩៨.៤ ពាន់លានដុល្លារ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន