មេធនាគារជាតិ ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយដាក់លុយវិនិយោគចំណេញ ៩៩ភាគរយ

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន​ កុំបាញ់បោកការផ្សព្វផ្សាយក្នុងគ្រុបតេលេក្រាមមួយចំនួន ដែលឲ្យដាក់លុយវិនិយោគដោយធានាបានលុយចំណេញរហូតដល់ ៩៩ភាគរយ។

ការណែនាំប្រាប់យ៉ាងដូច្នេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយជាហូហែរ តាមគ្រុបតេលេក្រាមពីជនខិលខូចមួយចំនួន ដោយអួសសទាញឲ្យមានការវិនិយោគ ដោយធានាផ្ដល់ប្រាក់ចំណេញរហូតដល់ ៩៩ភាគរយ។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៣ ខែឧសភានេះ លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហោះរូបភាពចំនួន ៤សន្លឹក ដែលជាការផ្សព្វផ្សាយបោកបញ្ឆោត ឲ្យពលរដ្ឋដាក់វិនិយោគដាក់លុយ ១ ០០០ដុល្លារ ដោយបានមកវិញដល់ ៧ ៥០០ដុល្លារ ស្មើនឹងចំណេញ ៩៩ភាគរយ។

មន្ត្រីជាន់ខ្ពស់ធនាគារជាតិរូបនេះ បានប្រាប់ពលរដ្ឋថា នេះជាការផ្សព្វផ្សាយបោកប្រាស់តាមគ្រុបតេលេក្រាម ហើយណែនាំឲ្យប្រុងប្រយ័ត្ន មុននឹងជឿការផ្សព្វផ្សាយទាំងនោះ។ លោកស្រីថា «បើងាយៗយ៉ាងនេះ លែងមានអ្នកធ្វើការ រកស៊ីអីទៀតហើយ»។

លោកស្រី ជា សិរី លើកឡើងដែរថា «ពួកគេប្រមូលរូបបង់លុយតាមប្រព័ន្ធធនាគារ ដើម្បីជានុយឲ្យឃើញថា មានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឲ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមា នឈ្មោះខុសៗគ្នាទាំងអស់។ បានន័យ ថា លុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិនទាំងដឹងខ្លួនផង»៕

អត្ថបទ៖ វីរៈ រូបភាព៖ លោកស្រី ជា សិរី

តាមដានជាមួយយើង៖ Million Times