ចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយឲ្យកម្ពុជា តម្លៃ ១០លានដុល្លារ

វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ គ្រោងចាយទុន ១០លានដុល្លារអាមេរិកសាងសង់មន្ទីរពិសោធន៍បំពាក់ដោយបច្ចេកវិទ្យាទំនើបឲ្យប្រទេសកម្ពុជា ផ្តោតលើការងារប្រឆាំងផលិតផលក្លែងក្លាយ។

ក្នុងពេលពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ បង្ហាញពីគោលបំណងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ បំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លារអាមេរិកតាមរយៈរូបមន្ត BOT។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហើយ​គណៈកម្មាធិការ​នេះ ស្ថិតក្រោម​ក្រសួងមហាផ្ទៃ។ 

គណៈកម្មាធិការ​​នេះ គឺមាន​ភារកិច្ច​ចំនួន​៦ ចំណុចក្នុងការ​សហការស្រាវជ្រាវ ស៊ើបអង្កេត អប់រំ​ផ្សព្វផ្សាយ បណ្តុះបណ្តាល និង​ចាត់វិធានការ​ជុំវិញ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការនាំ​ចូល ការផលិត ការ​ស្តុក​ទុក និង​ចែកចាយ​ទំនិញ​ក្លែងក្លាយ​នៅ​កម្ពុជា​៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងមហាផ្ទៃ