ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សហការគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាន់តែទូលំទូលាយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សហការគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កាន់តែទូលំទូលាយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចសហប្រតិបត្តិការរដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យបានកាន់តែទូលំទូលាយ។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃទី ២១ ខែឧសភា លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកស្រី សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោក យឹម លាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេសការតម្រូវឲ្យមានបិទស្លាកតម្លៃទំនិញ នៅតាមហាងទំនិញនានា ជាប្រាក់រៀល។

លោក ក៏បានឲ្យដឹងដែរថា ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឲ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផង។

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាអំពីផែនការសកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការ និងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យបានកាន់តែទូលំទូលាយ។

បើតាមធនាគារជាតិនៃកម្ពុជា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទាមទារឲ្យមានកិច្ចសហការ និងសម្រប​ម្រួលពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម គឺជាក្រសួងគន្លឹះមួយផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា