អាកាសយានដ្ឋានភូកេតរបស់ថៃជាប់ក្នុងបញ្ជីជាអាកាសយានដ្ឋានមានការលម្អច្រើនបំផុតទាំង ១០ លើលោក

អាកាសយានដ្ឋានអន្តរជាតិភូកេតដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសថៃបានជាប់ក្នុងបញ្ជីអាកាសយានដ្ឋានដែលមានការលម្អច្រើនបំផុតទាំង ១០ របស់ពិភពលោក បន្ទាប់ពីការបោះឆ្នោតដោយគេហទំព័រ Skytrax របស់ចក្រភពអង់គ្លេស ។

ស្ថិតនៅក្នុងស្រុកថាឡាង ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីប្រជុំជនភូកេត អាកាសយានដ្ឋាននេះបានជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជី ខណៈអាកាសយានដ្ឋាន New Chitose របស់ប្រទេសជប៉ុនឈរនៅលំដាប់កំពូលតារាង ។

ចំណែកអាកាសយានដ្ឋាន Newark ក្នុង​សហរដ្ឋ​អាមេរិក​ជាប់​ចំណាត់​ថ្នាក់​លេខ ២ តាម​ពីក្រោយ​ដោយ​អាកាសយានដ្ឋាន Santiago ក្នុង​ប្រទេស​ឈីលី ។ អាកាសយានដ្ឋានភូកេត ជាកន្លែងរមណីយដ្ឋានដ៏ពេញនិយម ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ។

សូមជម្រាបថា អាកាសយានដ្ឋានភូកេតគឺជាអាកាសយានដ្ឋានដែលមមាញឹកបំផុតទី ៣ ក្នុងការទទួលភ្ញៀវទេសចររបស់ប្រទេសថៃ បន្ទាប់ពីអាកាសយានដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិដនមឿងដែលសុទ្ធសឹងតែស្ថិតនៅទីក្រុងបាងកក ៕

អាកាសយានដ្ឋានអន្តរជាតិភូកេត
តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន