សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាដាក់ផែនការស្តារវិស័យអចលនទ្រព្យនិងសំណង់វិលរកសភាពល្អវិញ

ក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ និងសំណង់ជួបប្រជុំគ្នាដើម្បីរៀបចំផែនការស្តារវិស័យនេះឲ្យទៅរកសភាពល្អវិញ ស្របពេលវិស័យដែលជាជន្ទល់សេដ្ឋកិច្ចមួយនេះកំពុងបន្តអូសជើងស្ងប់ស្ងាត់នៅឡើយ។

ដើម្បីជំរុញការងារនេះសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបណ្តុំដោយក្រុមវិនិយោគិនធំៗ បានបើកកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា ដោយបានដាក់ចេញផែនការសំខាន់ៗជាច្រើនចំណុច។

បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កិច្ចប្រជុំនេះដើម្បីពិភាក្សា និងរបាយការណ៍វឌ្ឍនភាពវិស័សំណង់នៅកម្ពុជា ជាពិសេសការអនុវត្តន៍ច្បាប់ពន្ធនិងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍន៍គំរោងបុរី សំណង់ខុនដូ របស់សមាជិក សមាជិកសមាគម។

ដើម្បីជម្រុញវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២៤ សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាបានកំណត់គោលដៅនិងដាក់ចេញនូវផែនការសំខាន់ៗជាច្រើនរួមមាន៖ បន្តពង្រឹងកិត្យានុភាព តួនាទីដ៏សំខាន់របស់សមាគមដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងនិងក្រៅប្រទេស។ បន្តពង្រឹងអនុវត្តប្រកបដោយសកម្មជាចម្បងនិងអាទិភាពដោយប្រសិទ្ធិភាពរួមជាមួយសមិទ្ធិផលថ្មីៗ។ បន្តលើកកម្ពស់យន្តការភាពជាដៃគូជាមួយរាជរដ្ឋាភិបាលនិងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗដើម្បីជម្រុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ បន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាពប្រជាជនមានចំណូលទាប និងចំណូលមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅឋានតម្លៃទាបនៃគម្រោងអភិវឌ្ឍ។

ទន្ទឹមនេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានអះអាងថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់ជារួម បានបង្ហាញពីស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ បើទោះបីជាវានៅមានកម្រិតបើធៀបនឹងអំឡុងមុនពេលផ្ទុះរាលដាលកូវីដ១៩យ៉ាងណាក្ដី៕

អត្ថបទ៖ នារតី
រូបភាព៖ សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា