Apple ទម្លាក់តម្លៃលក់ទូរស័ព្ទ iPhone នៅចិនដល់ជាង ៣០០ ដុល្លារ

Apple ទម្លាក់តម្លៃលក់ទូរស័ព្ទ iPhone នៅចិនដល់ជាង ៣០០ ដុល្លារ

ក្រុមហ៊ុន Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃយ៉ាងចាស់ដៃលើម៉ូដែលទូរស័ព្ទ iPhone មួយចំនួនរហូតទៅដល់ ២,៣០០ យ័ន (៣១៨ ដុល្លារ) សម្រាប់ការដាក់លក់នៅក្នុងប្រទេសចិន ។

ការបញ្ចុះតម្លៃនេះធ្វើឡើង នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះកំពុងរក្សាលំនឹងរបស់ខ្លួននៅលើទីផ្សារស្មាតហ្វូនឱ្យនៅកំពូល ក្រោយមានការប្រកួតប្រជែងយ៉ាងសម្បើមពីដៃគូក្នុងស្រុកចិនដូចជាក្រុមហ៊ុន Huawei ជាដើម ។

យុទ្ធនាការនេះបានចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា និងមានបរិមាណច្រើនជាងយុទ្ធនាការដែលក្រុមហ៊ុន Apple បានផ្តល់ជូនកាលពីខែកុម្ភៈទៅទៀត ពោលការបញ្ចុះតម្លៃកាលពីខែកុម្ភៈគឺខ្ពស់បំផុតត្រឹម ១,១៥០ យ័នប៉ុណ្ណោះ ខណៈលើកនេះមានរហូតដល់ ២,៣០០ យ័ន ។

ក្នុងនោះ ការបញ្ចុះតម្លៃខ្ពស់បំផុតគឺម៉ូដែល iPhone 15 Pro Max 1TB ខណៈម៉ូដែលផ្សេងទៀតក៏មានការបញ្ចុះតម្លៃគួរសមផងដែរ ហើយជាក់ស្ដែងកាលពីថ្ងៃចន្ទ ម៉ូដែល iPhone 15 ទំហំ ១២៨ ជីហ្គាបៃ មានការបញ្ចុះតម្លៃ ១,៤០០ យ័ន ។

សម្ពាធនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុន Apple កើតឡើង បន្ទាប់ពិក្រុមហ៊ុន Huawei កាលពីខែមុនបានបញ្ចេញស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួនគឺ Pura 70 បន្ទាប់ពីការចេញលក់ម៉ូដែល Mate 60 កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ។

សូមជម្រាបថា ការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង ១២ ភាគរយនៅក្នុងខែមីនា  ហើយនេះជាសញ្ញាបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៤ នៅពេលដែលក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះតម្លៃលក់ ៣៧ ភាគរយ ៕

តាមដានជាមួយយើង៖ Million Times
The Apple’s new iPhone 15 models are on display on the first day of sales at an Apple Store at The Grove in Los Angeles, Friday, Sept. 22, 2023. (AP Photo/Jae C. Hong)

បកប្រែ ៖ ទីន