លោក ស សុខា ស្នើអភិបាលខេត្តកំពតរៀបចំបញ្ជីឈ្មោះក្រុមហ៊ុនទទួលការម៉ៅការសាងសង់ឆ្នាំ២០២៤ឲ្យមានតម្លាភាព

លោក ស សុខា ស្នើអភិបាលខេត្តកំពតរៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំជួយអន្តរាគមន៍ក្រុមហ៊ុនទាំង១៨ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឲ្យមានឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ដដែល។ ដោយសារក្រុមហ៊ុនទាំងអស់នេះពុំបានធ្វើខុសពីលក្ខណៈបច្ចេកទេសឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ។ នេះបើយោងតាមលិខិតចុះហត្ថលេខាដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមមហាផ្ទៃ។

ការប្រតិកម្មនេះបន្ទាប់ពីសារព័ត៌មានបានចុះផ្សាយថា អ្នកទទួលការចំនួន៧២ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅទីចាត់ការផែនការនិងវិនិយោគខេត្ត ប៉ុន្តែលទ្ធផលជាប់ឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ តែ១៥ក្រុមហ៊ុនប៉ុណ្ណោះ។ ដូច្នេះហើយតំណាងក្រុមហ៊ុនទាំងនោះមានចម្ងល់ថា តើមូលហេតុអ្វីបានជានាយកទីចាត់ការផែនការនិងវិនិយោគខេត្តលុបឈ្មោះក្រុមហ៊ុនពួកគាត់ចេញពីបញ្ជីឈ្មោះអ្នកទទួលការយ៉ាងអយុត្តិធម៍ ដោយពួកគាត់ពុំដែលមានកំហុសសោះ។ ចំណែកឯបទពិសោធនិងគ្រឿងចក្រក៏ពួកគាត់មានប្រហាក់ប្រហែលនឹងក្រុមហ៊ុនដែលជាប់ឈ្មោះជាអ្នកទទួលការនោះផងដែរ។

ម្យ៉ាងវិញទៀតបើផ្អែកតាមបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំដែលរដ្ឋបាលខេត្តកំពតបានរៀបចំនិងផ្ញើមកក្រសួងមហាផ្ទៃរយៈពេល៣ឆ្នាំចុងក្រោយនេះឃើញថាចំនួនអ្នកទទួលការនៅរដ្ឋបាលខេត្តកំពតមានការប្រែប្រួលថយចុះគួរឲ្យកត់សម្គាល់។

ពាក់ព័ន្ធនឹងរឿងនេះ ក្រសួងមហាផ្ទៃបានស្នើឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តកំពតត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់អំពីមូលហេតុដែលក្រុមហ៊ុនទាំង១៨មិនមានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៤នៃខេត្តកំពត៕

អត្ថបទ៖ នារតី