ក្រសួងការងារ ទាត់ចោលការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer ដែលផ្សាយបានមួលបង្កាច់គ្មានការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កាលពី ៣ម៉ោងមុននេះ សារព័ត៌មាន The Cambodia Daily Khmer បានផ្សព្វផ្សាយព័ត៌មានបំផ្លើសគ្មានការពិតថា មន្រ្ដីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ប្រមុខរាជរដ្ឋាភិបាល បាន​ទទួល​កាដូ​ជា​ដី​ទំហំ ៤០០​ហិកតា ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ពីលោក ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

នៅយប់ម៉ោង ៨ ថ្ងៃទី ១៧ ខែឧសភានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីបដិសេធ ដោយទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily Khmer។

ក្រសួងការងារ ចាត់ទុកការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិត ដែលធ្វើឲ្យមានការយល់ច្រឡំ មូលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។

ក្រសួង ក៏បានរំលឹកដែរថា នេះមិនមែនជាលើកទី ១ទេ ដែលសារព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំង សកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខរាជដ្ឋាភិបាលកម្ពុជា និងលោក ហេង សួរ ដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។ក្រសួងការងារ ក៏បានទាមទារឲ្យសារព័ត៌មាន The Cambodia Daily Khmer ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការងារ

តាមដានជាមួយយើង៖ Million Times