មកស្គាល់អ្នកមានជាងគេបំផុតទាំង ៥ រូបនៅប្រទេសជប៉ុន

ជប៉ុនគឺជាប្រទេសខ្លាសេដ្ឋកិច្ចមួយដួងប្រចាំនៅតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់ទី ៤ ជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកនាំមុខដោយ អាល្លឺម៉ង់ ចិន និងសហរដ្ឋអាមេរិក ។

យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា ជប៉ុនក៏មានមហាសេដ្ឋីលំដាប់ៗប្រមាណជា ៥ រូបផងដែរដែលកំពុងមានឈ្មោះបោះសំឡេង ហើយអ្នកទាំងនោះមានដូចជា ៖

១. លោក Tadashi Yanai ប្រធានក្រុមហ៊ុន Fast Retailing

តាមដានជាមួយយើង៖ Million Times

លោក Tadashi Yanai អាយុ ៧៥ ឆ្នាំគឺជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសជប៉ុន ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៤២.៨ ពាន់លានដុល្លារ កើនឡើង ៣១ ភាគរយ ប្រៀបធៀបនឹងឆ្នាំមុន ។

នៅឆ្នាំ ១៩៩១ គាត់បានបង្កើតក្រុមហ៊ុនសម្លៀកបំពាក់ Fast Retailing និងមានម៉ាកយីហោ Uniqlo ខណៈបច្ចុប្បន្នមានហាងចំនួន ២,៥០០ កន្លែងនៅទូទាំង ២៥ ប្រទេស ។

ក្នុងនាមជាប្រធានក្រុមហ៊ុន Fast Retailing, មហាសេដ្ឋីជប៉ុនរូបនេះមានមហិច្ឆតាចង់ធ្វើឲ្យក្រុមហ៊ុនរបស់គាត់ក្លាយជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ពិភពលោក ថែមទាំងចង់វ៉ាដាច់ក្រុមហ៊ុន H&M និង Inditex ទៀតផង ។

២. លោក Masayoshi Son នាយកប្រតិបត្តិនៃក្រុមហ៊ុន SoftBank Group

លោក Masayoshi Son អាយុ ៦៦ ឆ្នាំគឺជាមហាសេដ្ឋីលំដាប់ទី ២ នៅក្នុងប្រទេសជប៉ុនដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣២.៧ ពាន់លានដុល្លារ កើនឡើង ៤៦ ភាគរយ បើប្រៀធៀបនឹងឆ្នាំមុន ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគយក្ស SoftBank Group ដែលផ្តោតលើការវិនិយោគផ្នែកបច្ចេកវិទ្យា ។

មូលនិធិ Vision Funds របស់ក្រុមហ៊ុននេះបានបណ្តាក់ទុននៅក្នុងក្រុមហ៊ុនជាង ៤០០ រួមទាំងក្រុមហ៊ុនតាក់ស៊ី Grab និងផ្នែកដឹកជញ្ជូនអាហារ Swiggy របស់ប្រទេសឥណ្ឌា ខណៈផលិតផល Apple, Qualcomm និង Foxconn ក៏ស្ថិតក្នុងដៃវិនិយោគនៃមូលនិធិនេះផងដែរ ។

៣. លោក Takemitsu Takizaki ស្ថាបនិកក្រុមហ៊ុន Keyence

លោក Takemitsu Takizaki អាយុ ៧៨ ឆ្នាំ មានទ្រព្យសម្បត្តិ ២៣.១ ពាន់លានដុល្លារ កើនឡើង ១០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៣ ។ គាត់បានបង្កើតក្រុមហ៊ុន Keyence ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍ស្កេនផលិតផល និងគ្រឿងអេឡិចត្រូនិចសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់រោងចក្រ ។

ទោះយ៉ាងណា លោក​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Keyence នៅ​ខែ​មីនា ឆ្នាំ​២០១៥ ប៉ុន្តែ​នៅ​តែ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​កិត្តិយសក្នុងក្រុមហ៊ុន ។ អតិថិជនរបស់ Keyence រួមមានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត ក្រុមហ៊ុនអេឡិចត្រូនិក និងអ្នកវេចខ្ចប់អាហារជាដើម ។

នៅឆ្នាំ ២០២២ លោក Takizaki បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃជិត ៣ ពាន់លានដុល្លារដល់មូលនិធិរបស់គាត់គឺ Tazaki Foundation ដែលផ្តល់ការគាំទ្រដល់យុវជនដែលមានបំណងចង់សិក្សានៅចក្រភពអង់គ្លេស ។

៤. លោក Takahisa Takahara ប្រធានក្រុមហ៊ុន Unicharm

លោក Takahisa Takahara អាយុ ៦២ ឆ្នាំជាប់ចំណាត់ថ្នាក់ទី ៤ ជាអ្នកមាននៅជប៉ុន មានទ្រព្យសម្បត្តិសុទ្ធចំនួន ៦.៤ ពាន់លានដុល្លារ ពោលធ្លាក់ចុះ ១១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Unicharm ស្នងតំណែងពីឪពុកឈ្មោះ Keiichiro ដែលបានបង្កើតក្រុមហ៊ុនផ្នែកផលិតផលថែរក្សានេះឡើងនៅឆ្នាំ ១៩៦១ ។

ក្រុមហ៊ុននេះមានផលិតផលជាច្រើនប្រភេទដូចជា ខោទឹកនោមកូនក្មេង កន្សែងអនាម័យ ម៉ាស ក្រដាសអនាម័យសើម និងផលិតផលថែរក្សាផ្ទាល់ខ្លួនផ្សេងទៀត ។ ក្រុមហ៊ុន Unicharm កត់ត្រាប្រាក់ចំណូល ២ ភាគ ៣ បានមកពីការលក់នៅក្រៅប្រទេសជប៉ុន ដែលភាគច្រើនមកពីប្រទេសអាស៊ី ។

៥. លោក Akio Nitori ស្ថាបនិកក្រុមហ៊ុន Nitori Holdings

លោក Akio Nitori ស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤.៦ ពាន់លានដុល្លារ កើនឡើង ៣៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

គាត់បានបង្កើតបណ្តាញលក់គ្រឿងសង្ហារិមបញ្ចុះតម្លៃ Nitori Holdings ដែលមានហាងចំនួន ៩០០ កន្លែង ហើយភាគច្រើននៅក្នុងប្រទេសជប៉ុន ប៉ុន្តែក៏មានទីតាំងផ្សេងទៀតផងដែរគឺនៅប្រទេសចិន តៃវ៉ាន់ និងសហរដ្ឋអាមេរិក ។

លោក Nitori បានបើកហាងដំបូងនៅឆ្នាំ ១៩៦៧ ប៉ុន្តែក្រោយមក គាត់បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុននៅឆ្នាំ ២០១៦ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនភាគច្រើនត្រូវបានជួញដូរនៅផ្សារហ៊ុនតូក្យូ ៕

បកប្រែ ៖ ទីន