គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការ និងកងកម្លាំងចំនួន ៤ម៉ឺនរៀល ក្នុងឆ្នាំ ២០២៥ខាងមុខ

ឆ្នាំ ២០២៥ខាមុខ ប្រាក់បំណាច់មុខងារសម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវគ្រោងដំឡើងចំនួន ៤ម៉ឺនរៀល។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ ហើយដែលត្រូវបានដកស្រង់ដោយតេឡេក្រាមឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ១៧ ខែឧសភានេះ។

ប្រភពដដែល បានឲ្យដឹងថា ប្រាក់បំណាច់មុខងារ ត្រូវគ្រោងដំឡើងចំនួន ៤ម៉ឺនរៀល ដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាពជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៥។ ចំពោះសន្ទស្សន៍បៀវត្សមូលដ្ឋាន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ ២០២៤ដដែល (តម្លៃសន្ទស្សន៍ក្នុង ១ឯកតា ស្មើនឹង ២.៦៣០រៀល)។

ដោយឡែក ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ទទួលបានចំនួន ៥ម៉ឺនរៀល ក្នុងម្នាក់ និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ទទួលបានចំនួន ៥ម៉ឺនរៀល ក្នុងម្នាក់ដែរ។ រីឯប្រាក់កម្រៃប្រចាំខែរបស់មន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងដំឡើងពី ៧៧ម៉ឺនរៀល ទៅដល់ ៧៩ម៉ឺនរៀល ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៥៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម