ផ្លូវល្បឿនលឿនចំនួន៩ កំពុងស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋដើម្បីគោលបំណងសំខាន់៣

ផ្លូវល្បឿនលឿនចំនួន៩ កំពុងស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋដើម្បីគោលបំណងសំខាន់៣

រាជរដ្ឋាភិបាលបានដាក់ផែនកាលអភិវឌ្ឍន៍ផ្លូវល្បឿនលឿនជាច្រើនសរុប ៩គម្រោង ត្រូវបានបែងចែកជាពីរគឺ រយៈពេលខ្លីនិងមធ្យមចំនួន៤គម្រោង និងរយៈពេលវែងចំនួន៥គម្រោង ហើយគ្រោងនឹងចំណាយថវិការសរុប ៧១៧៣,៦៩ លានដុល្លារអាមេរិច។

ផ្អែកតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ចូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលឲ្យដឹងថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway)​​ នៅកម្ពុជាគឺដើម្បី៖

១.សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​ ៖ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។

២.បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។​

៣.ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានសម្រេចជោគជ័យលើផ្លូវល្បឿនលឿនទី១ គឺពីភ្នំពេញទៅព្រះសីហនុ និងគម្រោងទី២គឺផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតដែលបានបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣។ ចំពោះគម្រោងទី៣គឺផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប ប៉ោយប៉ែត ប្រវែងសរុប៤២០គីឡូម៉ែត្រកំពុងសិក្សាដោយក្រុមហ៊ុនចិន៕

អត្ថបទ៖ នារតី