ចំពោះមុខកងទ័ពចិន លោក វង្ស ពិសេន អះអាងថា មិន​អនុញ្ញាត​ឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួនជាដាច់ខាត

កម្ពុជាបានអះអាងជាថ្មីថា មិន​អនុញ្ញាត​ឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយ​ក៏មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធារ​បស់ខ្លួននៅក្រៅប្រទេសផងដែរ។

ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» ដែលធ្វើឡើងរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះ​ប្រជាជន​ចិន នាថ្ងៃទី១៦ ខែឧសភានេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា រដ្ឋធម្មនុញ្ញនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយ អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង​ប្រទេស​ទាំង​អស់នៅលើពិភពលោក។

លោកបញ្ជាក់ថា«កម្ពុជា មិនឈ្លានពាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រ ទេសដទៃ ដោះស្រាយ​រាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាប្រឆាំង ដាច់​ចាត​ការ​ជ្រៀត​ជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ។ កម្ពុ ជា​មិន​ចង​សម្ព័ន្ធ​យោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ កម្ពុជាមិនអនុញ្ញាតឲ្យ មាន​មូល​ដ្ឋាន​យោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅ បរទេស​ដែរ​លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ»។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋធិបតេយ្យមួយ កម្ពុជារក្សាសិទ្ធិ​ទទួល​យក​ជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយ​ផ្សេង​ៗ ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។

លោកបន្ថែមថា កម្ពុជាស្រលាញ់សន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ បទពិសោធន៍​ និង​មេរៀន​ដ៏ជូរចត់ដែលកម្ពុជាធ្លាប់ឆ្លងកាត់ពីផលវិបាកនៃសង្រ្គាម ធ្វើឲ្យកម្ពុជា​យល់​ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព ហើយកម្ពុជាចាត់ទុកសន្តិភាពជាឬសគល់នៃឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងការពារជាតិ