វត្តមានសម្តេចធីបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅកូរ៉េមានកម្មវិធីសំខាន់ៗច្រើន

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។

ជុំវិញដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េសម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតី យូន សក យ៉ល ដែលនឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូនិងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ លោកបន្តថា ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

តាមដានជាមួយយើង៖ Million Times

លោកបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ (១). ជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េ (២). ប្រធានរដ្ឋសភារ៉េ ៣). ប្រធានអង្គការ ICAPP (៤). ជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ និង (៥).ទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន។ ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅកូរ៉េផងដែរ។

បើតាមលោក មាស សោភ័ណ្ឌ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចនាយករដ្ឋមន្រ្តី