ទេសរដ្ឋមន្ត្រី គី តិច ត្រូវបាននាយករដ្ឋមន្ត្រី ផ្ដល់សិទ្ធិធ្វើជាមេធាវីតំណាងការពារផលប្រយោជន៍ពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប្រ៊ីលាន

លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់សិទ្ធិប្រទានធ្វើជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើល ឯ.ក។

ក្នុងលិខិតសិទ្ធិប្រទានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែឧសភានេះ បានសម្រេចថា រាជរដ្ឋាភិបាល ប្រទានសិទ្ធិពេញសមត្ថភាពជូនលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន ក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឲ្យបំពេញភារកិច្ចជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO., LTD.) នៅតាមគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ ជាន់ថ្នាក់ រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។

តាមដានជាមួយយើង៖ Million Times

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះដែរថា ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេច, គឺសម្ដេចបានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរូបភាពសម្ដេចផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ ដែលជាចុងក្រោយយោងតាមសំណូមពរពីប្រជាពលរដ្ឋ ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, សម្ដេច ក៏បានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានលោក គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេសការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឲ្យបាននូវការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម