ក្រុមហ៊ុនកូរ៉េត្រៀមដុតសំរាមប្រមាណ ១០០តោនក្នុងមួយថ្ងៃបង្កើតថាមពលអគ្គិសនី ២៤មេហ្គាវ៉ាត់

ក្រុមហ៊ុនកូរ៉េ នៅថ្ងៃទី១៣ ខែឧសភានេះបានមកជួបក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមយកទៅបង្កើតគម្រោងផលិតថាមពលអគ្គិសនីតាមរយៈការកែច្នៃពីកាកសំណល់។

ក្នុងជំនួបនោះក្រុមហ៊ុន HYUCKJIN ENERGY PLANT ENGINEERING បានបង្ហាញថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុនចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបជូនថា កន្លងមកមានក្រុមហ៊ុនបរទេសជាច្រើនបានមកជួបរដ្ឋាភិបាលកម្ពុជាដើម្បីស្នើសុំបង្កើតរោង​ចក្រ​ផលិត​អគ្គិសនី​ចេញពី​ការដុត​សំរាម​ ​មាន​ទាំង​ខ្នាតតូច​ និងធំ ​នៅតាម​រាជធានីខេត្តចំនួន ហើយសម្រាប់សំណើររបស់ក្រុមហ៊ុនទាំងនោះរដ្ឋក៏បានយល់ព្រមជាគោលការណ៍រួចមកហើយផងដែរ។

បើតាមរបាយការណ៍ក្រសួងបរិស្ថានពេលកន្លងទៅ ក្នុងមួយឆ្នាំកម្ពុជាបង្កើតសម្រាមបានជាង ៤លានតោន ដែលមានអត្រាកំណើនពី១០ ទៅ ១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ សំណល់ភាគច្រើនជាសំណល់សរីរាង្គដែលមានជាង៦០% និងប្លាស្ទិកជាង ៣០%។

របាយការណ៍ដដែលឲ្យដឹងថា ក្នុងចំណោមសម្រាមដែលត្រូវបោះចោលទាំងនោះមានតែ ៥០ភាគរយប៉ុណ្ណោះដែលត្រូវយកទៅចាក់នៅតាមទីតាំងចាក់សម្រាមទាំង ២៤៣ ក្នុងនោះទីលានរបស់រដ្ឋមាន ១៦២ ក្រៅពីនេះសម្រាម ៥០%ទៀតត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោលពាសវាលពាសកាល៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ CDC