អាជីវករស្នើក្រសួងកសិកម្ម សម្រួលឲ្យតម្លៃជ្រូករស់នៅក្រោម១ម៉ឺនរៀល/គីឡូ

សមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា ដែលមានសមាជិកជាអាជីវករពិឃាតសត្វ ម្ចាស់សត្វឃាត អាជីវករលក់សាច់ជ្រូកតាមផ្សារ កម្មករសត្វឃាត ព្រមទាំងកម្មករដឹកជ្រូករស់ បានប្រមូលគ្នាធ្វើញត្តិមួយស្នើទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រួលធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់នៅក្រោម១ម៉ឺនរៀលក្នុងមួយគីឡូ ខណៈតម្លៃជ្រូករស់បន្តឡើងថ្លៃរហូតដល់ជាង១ម៉ឺនរៀលក្នុង១គីឡូ។

លោក សាន់ ចាន់ថេត ប្រធានសមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា ក្នុងពិធីប្រកាសរចនាសម្ព័ន្ធថ្មីនៃមាគមផ្តត់ផ្តង់ជ្រូកកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា បានអំពាវនាវដល់សមាជិកនៃសមាគមចូលរួមឱ្យសកម្មដើម្បីការពារផលប្រយោជន៍រួមគ្នា តាមរយៈការទាមទារតាមផ្លូវច្បាប់ លិខិតនានា។

លោកថ្លែងថា បច្ចុប្បន្ននេះតម្រូវសត្វជ្រូរស់នៅកម្ពុជាបន្តឡើងថ្លៃរហូតដល់ជាង១ម៉ឺនរៀលក្នុង១គីឡូដែលនាំឱ្យប៉ះពាល់ដល់ការលក់ដូររបស់សមាជិកសមាគមដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោកបន្តថាដើម្បីស្វែងរកដំណោះស្រាយ លោកបានប្រមូលសមាជិកសមាគមធ្វើញត្តិមួយស្នើទៅក្រសួងកសិកម្មដើម្បីសម្រួលធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់នៅក្រោម១ម៉ឺនរៀលក្នុងមួយគីឡូ។

លោក ស្រ៊ុន​ ពៅ​ ប្រធានសមាគមអ្នកចិញ្ចឹម​សត្វកម្ពុជា​ បានលើកឡើងថា តម្លៃជ្រូករស់នៅលើទី​ផ្សារ​កម្ពុជា​ចាប់​ផ្ដើ​មមាន​ពន្លឺ​ឡើងវិញជា​បណ្ដើរៗ​ បន្ទាប់ពី​បានធ្លាក់​ចុះយ៉ាង​គំហុក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លងមក​ ដោយ​ក្នុង​មួយ​គីឡូក្រាម​បានហក់ឡើង​២០០០រៀល​បន្ថែមពីលើ​តម្លៃចាស់។ ការ​កើនឡើ​ង​​នៃត​ម្លៃជ្រូករស់​​នេះ លោកកត់សម្គាល់ថាក្រោយពេល​រាជ​រដ្ឋា​ភិ​បាល​​បានសម្រេច​បិទការនាំចូលជា​បណ្ដោះ​អាសន្ននូវ​បំណែ​ក​សាច់បង្ក​ក​និងគ្រឿង​​ក្នុង​​រយៈ​ពេល​៦ខែ ពោលគឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៤​។

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម