ស្ពានខេត្តក្រចេះតម្លៃ ១១៤លានដុល្លារសម្រេចសាងសង់បានជាង ៤០%

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបានប្រមាណ៤៩.១៩% ខណៈផ្លូវសម្រេចបាន៣៦.២៤% ត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤។ បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងគម្រោង។

ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរីទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះនេះមានប្រវែង១,៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប៣១.៦៩គីឡូម៉ែត្រ បើតាមផែនការដែលបានគ្រោងទុក ការសាងសង់ផ្លូវ និងស្ពាននឹងសម្រេចឲ្យហើយរួចរាល់នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

ស្ពាននិងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដែលត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាង ចូវវ៉ានអាន។

តាមដានជាមួយយើង៖ Million Times

បើតាមផែនការស្ពាននេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមការងារព័ត៌មានរដ្ឋមន្រ្តី នេត ភត្រា