ព្រលានយន្តហោះបាត់ដំបង បច្ចុប្បន្នមានឧទ្ធម្ភាចក្រមន្រ្តីជាន់ខ្ពស់ចុះចតម្តងការ

ទីតាំងព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបង បច្ចុប្បន្នមានតែឧទ្ធម្ភាចក្រមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលប៉ុណ្ណោះធ្វើការចុះចតនៅរាល់ពេលដែលមានកម្មវិធី និងបេសកកម្មម្តងការ។ នេះបើតាមមន្ត្រីរដ្ឋបាលខេត្តបាត់ដំបងថ្លែងប្រាប់គេហទំព័រ មីលានថាមស៍។

លោកបន្តថា បច្ចុប្បន្នទីលានយន្តហោះបាត់ដំបងនេះក្រៅពីការចុះឧទ្ធម្ភាចក្រ ក៏បានក្លាយជាកន្លែងដែលប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលេងកម្សាន្តពិសេសពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំញុំាអាហារ និងលេងកីឡាជាដើម។

ព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបងដែលមានផ្ទៃដីទំហំជាង ១ម៉ឺនហិកតា។ អាកាសយានដ្ឋាននេះរាជរដ្ឋាភិបាលបានសិក្សានឹងឈានដល់អភិវឌ្ឍន៍លើកកម្រិតប្រភេទ 4C ប្រហាក់ប្រហែលកម្រិតអាកាសយានដ្ឋានក្នុងខេត្តសៀមរាបចាស់។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបជូនថា ព្រលានយន្តហោះវាលបែកចាន ត្រូវបានស្ថាបនាឡើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លើទំហំដីជិត១ ម៉ឺនហិកតា ធំជាងព្រលានយន្តហោះភ្នំពេញថ្មី ដែលកំពុងសាងសង់ជិត ៣ ដង ហើយដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៦៨ ដោយមានជើងហោះហើរទៅមករវាងភ្នំពេញ និងបាត់ដំបង។ ប៉ុន្តែក្រោយការកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៥ ព្រលានយន្តហោះនេះ ត្រូវបានបិទទ្វារទាំងស្រុងរហូតមកដល់ឆ្នាំ១៩៧៩ ព្រលានយន្តបាត់ដំបង ត្រូវបានបើកដំណើរការ សម្រាប់បម្រើការហោះហើរ ក្នុងវិស័យយោធាប៉ុណ្ណោះ។ លុះមកដល់ឆ្នាំ១៩៩១ ព្រលានយន្តហោះបាត់ដំបង ត្រូវបានបិទដំណើរយោធាទាំងស្រុង រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម