តម្រូវ​ការ​ដូងស្រស់​កើនឡើង​ថ្លៃខ្ពស់នៅវៀតណាម

តម្លៃផ្លែដូងស្រស់នៅវៀតណាមបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលមានតម្លៃរហូតដល់ ១៣,០០០ដុង ស្មើនឹង ០.៥១ដុល្លារ ដោយសារតែអាកាសធាតុក្តៅខ្លាំង។ នេះបើតាមការចុះផ្សាយពីកាសែត vnexpress។

លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែឈើ Vina T&T បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុនថា តម្លៃផ្លែដូងស្រស់បានកើនឡើងយ៉ាងឆាប់រហ័ស ជួនកាលក្នុងរយៈពេលមួយថ្ងៃក៏មាន។ លោក​បន្ត​ថា អាជីវករ​ត្រូវ​ធានា​ដល់​កសិករ​ថា​ពួក​គេ​នឹង​ទិញ​សូម្បី​តែ​នៅ​ពេល​តម្លៃ​ទាប និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ជា​ប្រចាំ​។

អ្នក​លក់​ដែលសារព័ត៌មាន Vnexpress បានដកស្រង់សម្តីថា «​ពួកគេ​លក់​បាន​រាប់ពាន់​ដូងក្នុង​មួយ​ថ្ងៃ​ខ្ពស់​ជាង​ថ្ងៃធម្មតា ហើយ​ពិបាក​ទិញ​​ចូលដោយសារ​ការផ្គត់ផ្គង់មិនទាន់ពេល»។ លោកបានបន្ថែមថា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេនៅកន្លែងជាច្រើន តម្រូវការទឹកដូងស្រស់កើនឡើង។ 

សូមជម្រាបថា ចាប់តាំងពីចុងខែមីនាមក តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមបានទទួលរលកកំដៅដ៏ធ្ងន់ធ្ងរ។ យោងតាមការព្យាករពីឧតុនិយមវៀតណាម សីតុណ្ហភាពបានឡើងលើសពី  ៣៥អង្សារសេ។ នៅខេត្ត Ben Tre នៅតំបន់ដីសណ្ដទន្លេមេគង្គដែលជាតំបន់ដាំដូងធំជាងគេមួយក្នុងប្រទេសនេះ តម្លៃបានឡើងថ្លៃស្ទើរតែរាល់ថ្ងៃ ដែលផ្តល់ឱ្យកសិករទទួលបានប្រាក់ចំណេញពី ៣,០០០-៥,០០០ដុងក្នុងមួយផ្លែ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ VNexpress