តារាងចំណាត់ថ្នាក់កំពូលមហាសេដ្ឋីលើលោក ខណៈលោក Bill Gates នៅលំដាប់ទី៩

តារាងចំណាត់ថ្នាក់កំពូលមហាសេដ្ឋីលើលោក ខណៈលោក Bill Gates នៅលំដាប់ទី៩

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ តារាងចំណាត់ថ្នាក់មហាសេដ្ឋីនៅលើពិភពលោកដែលចេញផ្សាយដោយទស្សនាវដ្ដី Forbes មានការប្រែប្រូលមួយចំនួន នេះក៏ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៃអ្នកមានៗទាំងនោះឡើងចុះទៅតាមហ្នឹង ។

ទោះយ៉ាងណា លោក Bernard Arnault នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោក បន្តឈរនៅតំណែងកំពូលជាអ្នកមានបំផុតតាំងតែពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ ក្រោយវ៉ាជែងលើមហាសេដ្ឋី Elon Musk ។

បច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់ថៅកែក្រុមហ៊ុន LVMH របស់បារាំងរូបនេះមានរហូតដល់ ២១២.៥ ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះមានផលិតផលប្រណីតៗជាង ៧០ ផលិតផល រួមទាំងប្រេនល្បីៗដូចជា Louis Vuitton, Christian Dior, Moet & Chandon, Sephora, និង Tiffany & Co. ។

ចំណែកលំដាប់តួរងធ្លាក់ទៅលើលោក Jeff Bezos ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Amazon ដែលមានទ្រព្យសម្បត្តិសុទ្ធសរុប ២០៣.៨ ពាន់លានដុល្លារ ។ ប៉ុន្តែពេញមួយខែមីនាកន្លងទៅ លោក Bezos និង Elon Musk បានវ៉ាគ្នាចុះឡើងៗនៅលំដាប់ទី២ និងទី៣ ដោយសារតែការប្រែប្រួលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon និង Tesla ។

លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុន Tesla, SpaceX និង X (អតីត Twitter) បច្ចុប្បន្នកាន់តំណែងជាបុគ្គលមានបំផុតលំដាប់ទី៣ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ ជាមួយទំហំទ្រព្យសម្បត្តិសរុបចំនួន ១៩៨.៤ ពាន់លានដុល្លារ ។

Elon Musk ក៏ធ្លាប់ឈរនៅលំដាប់កំពូលតារាងជាអ្នកមានបំផុតមួយរូបរបស់ពិភពលោកផងដែរកាលពីឆ្នាំ ២០២១ ប៉ុន្តែបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែបញ្ហាកើតមានជាបន្តបន្ទាប់ ក្រោយពេលទិញយកបណ្ដាញសង្គម Twitter ហើយបានដូរឈ្មោះទៅជា “X” ។

ដោយឡែកលោក Mark Zuckerberg ដែលជាសហស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Meta ដែលមានបណ្ដាញសង្គមមានឈ្មោះបោះសំឡេងដូចជា Facebook, Instagram និង WhatsApp នៅតែរក្សាតំណែងជាមហាសេដ្ឋីលំដាប់ទី ៤ នៅលើពិភពលោកដដែលជាមួយនឹងលុយសុទ្ធប្រមាណ ១៥៨.៧ ពាន់លានដុល្លារ ។

រីឯសហស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates ឈរនៅលំដាប់ទី ៩ ឯណោះជាមួយនឹងទ្រព្យសម្បតិ្តសុទ្ធសរុប ១២៨.៥ ពាន់លានដុល្លារ ។ មហាសេដ្ឋីវ័យ ៦៩ ឆ្នាំរូបនេះធ្លាក់ពីលំដាប់ទី៧ មកទី៩ បន្ទាប់ពីការលែងលះជាមួយនឹងភរិយាគឺលោកស្រី Melinda French Gates ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីនោះមក លោក Bill Gates បានធ្លាក់ចុះទ្រព្យចំនួន ៤ ពាន់លានដុល្លារ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន