វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% កាលពីឆ្នាំ២០២៣ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួនសរុបជិត ២០ពាន់លានដុល្លារ។
ថ្លែងរបាយការណ៍ក្នុងពិធីសម្ពោធដាក់ដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួនសរុបជិត ២០ពាន់លានដុល្លារ ដែលចំនួននេះឃើញថាមានការកើនឡើង ១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។
នៅក្នុងសៀវភៅសង្ខេបថវិកាជាតិ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈពេលដែលវិស័យសំណង់នៅបន្តមានកំណើនទាប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់។
ក្នុងឱកាសជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
ធនាគារពិភពលោក World Bank បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៥.៨% តែរដ្ឋាភិបាលថានឹងមានរហូតដល់ទៅ ៦.៦%។ សម្តេចនាយករដ្ឋមន្រ្តីហ៊ានហ៊ានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងវិលទៅរកកំណើន ៧% វិញនៅឆ្នាំ ២០២៨ ដូចដែលកម្ពុជាធ្លាប់ទទួលបាននៅមុនពេលមានជំងឺឆ្លងកូវីដ១៩៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម