អាមេរិកកំពុងបារម្ភពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីការព្រួយបារម្ភនៃការបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងជាមួយនឹងរុស្ស៊ី ដោយធ្វើឲ្យលោក Kim Jong-un កាន់តែមានទំនុកចិត្តលើការផលិតអាវុធបន្ថែមទៀត ។

លោក Austin បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសក្ខីកម្មទៅកាន់គណៈកម្មាធិការទីភ្នាក់ងារប្រដាប់អាវុធរបស់សភាអាមេរិកកាលពីថ្ងៃពុធ ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើងកាន់តែស៊ីជម្រៅ ចាប់តាំងពីលោក Kim បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Vladimir Putin ។

លោក Austin បាន​ប្រាប់​សមាជិក​សភា​ថា “ជាថ្មីម្ដងទៀត កូរ៉េ​ខាង​ជើង​កាន់​តែ​មាន​ទំនុក​ចិត្ត ​ដោយ​សារ​តែ​មាន​ទំនាក់​ទំនងគាប់ប្រសើរ​ជាមួយ​នឹង​លោក Putin” ។ លោក Austin ក៏បានលើកឡើងពីការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ និងសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបាននិយាយថា “យើងមានក្ដីព្រួយបារម្ភខ្លាំងណាស់ ដូច្នេះយើងត្រូវតែបង្កើនសមត្ថភាពធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើងដើម្បីបន្តរារាំង និងបន្តលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នីមួយៗ ។ លោកបានបន្ថែមថា “ទំនាក់ទំនងដែលកំពុងកើនឡើងរវាងចិន រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់កំពុងបង្កក្ដីព្រួយបារម្ភ ហើយនេះគឺជាអ្វីដែលយើងកំពុងឃ្លាំមើលយ៉ាងដិតដល់” ។

លោក Austin ក៏​បាន​អះអាងដែរ​ថា រុស្ស៊ី​បាន​ងាក​ទៅ​រក​កូរ៉េខាងជើង​សម្រាប់​ជំនួយគ្រាប់កាំភ្លើងធំបន្ថែម និងអាវុធផ្សេងទៀតដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធរបស់ខ្លួនសម្រាប់ប្រើក្នុងជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែភាគីខាងរុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់អំពីការផ្ទេរអាវុធទាំងនេះ ។ ប្រទេសទាំងពីរក៏បានចោទប្រកាន់ទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីឦសានរបស់ខ្លួនដែរថា កំពុងធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់កាន់តែអាក្រក់ឡើងៗ ពិសេសការរៀបចំធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង ។

សូមជម្រាបជូនថា ប្រទេសកូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងមីស៊ីល ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនចាប់ផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយប្រទេសនេះបានច្រានចោលនូវលទ្ធភាពនៃការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ហើយក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីនឹងជួយការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ និងជួយបង្កើតសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូលផងដែរ ៕

តាមដានជាមួយយើង៖ Million Times
លោក Lloyd Austin

បកប្រែ ៖ ទីន