ក្រុមហ៊ុន Microsoft វិនិយោគ ១.៧ ពាន់លានដុល្លារលើសេវាកម្ម Cloud និង AI នៅឥណ្ឌូណេស៊ី

ក្រុមហ៊ុន Microsoft បានប្រកាសពីគម្រោងបណ្ដាក់ទុនវិនិយោគ ១.៧ ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងសេវាកម្ម Cloud នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយនេះគឺជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន Microsoft ក្នុងប្រវត្តិសាស្ត្រជិត ៣ ទសវត្សរ៍របស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ។

ក្រោមផែនការដែលបានបង្ហាញដោយលោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងបណ្តុះបណ្តាលមនុស្ស ៨៤០,០០០ នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា AI និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសមួយនេះ ។

លោក Nadella បាននិយាយនៅក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅទីក្រុងហ្សាកាតាថា “AI ជំនាន់ថ្មីនេះកំពុងផ្លាស់ប្តូររបៀបដែលមនុស្សរស់នៅ និងធ្វើការនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ ហើយការ​វិនិយោគ​ដែល​យើង​កំពុង​ប្រកាស​នា​ពេល​បច្ចុប្បន្ន​នេះ ​គ្របដណ្តប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជំនាញឌីជីថល និង​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ហើយវាអាច​ជួយ​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យ​រីកចម្រើន​ក្នុង​យុគសម័យ​ថ្មី​នេះផងដែរ”​ ។

លោក Nadella បាននិយាយថា “ការបណ្ដាក់ទុកវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI ចុងក្រោយបំផុត និងអស្ចារ្យបំផុតទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយយើងនឹងបន្តដឹកនាំអ្វីដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ AI” ។

សូមជម្រាបជូនថា ឥណ្ឌូណេស៊ីដែលមានប្រជាជនប្រហែល ២៨០ លាននាក់គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ហើយជាទីតាំងរបស់សហគមន៍អ្នកអភិវឌ្ឍន៍ធំជាងគេទី ៣ នៅក្នុងតំបន់ បន្ទាប់ពីប្រទេសឥណ្ឌា និងប្រទេសចិន ។

បន្ថែមពីនេះ ក្រុមហ៊ុន Microsoft ក៏កំពុងព្យាយាមពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍ AI នៅទូទាំងពិភពលោក រួមទាំងការវិនិយោគចំនួន ២.៩ ពាន់លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធ cloud និង AI នៅក្នុងប្រទេសជប៉ុន និងការវិនិយោគចំនួន ១.៥ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន AI ដែលមានឈ្មោះថា G42 នៅប្រទេសអារ៉ាប់រួម ៕

តាមដានជាមួយយើង៖ Million Times
លោក Satya Nadella

បកប្រែ ៖ ទីន