អាមេរិកកំពុងព្យាយាមធានាស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ធានា​ស្ថិរភាព​នៅ​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក បន្ទាប់ពីថ្មីៗនេះលោកប្រធានាធិបតី Joe Biden បានកាន់ប៊ិចចុះហត្ថលេខាលើច្បាប់មួយសម្រាប់ការផ្ដល់ជំនួយចំនួន ២ ពាន់លានដុល្លារដើម្បីគាំទ្រទៅដល់ពាណិជ្ជកម្មទ្វេភាគីនៅក្នុងតំបន់មួយនេះ ។

ការធានាស្ថិរភាពនេះកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងសមយុទ្ធយោធារួមគ្នាជាង ៤០ លើកជាមួយប្រទេសផ្សេងទៀតនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនយុទ្ធសាស្ត្រកំញើញសាច់ដុំយោធារបស់ខ្លួន ។

បន្ថែមពីលើសមត្ថភាពយោធានេះ សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាកងទ័ពជើងទឹកដែលទើបតែយកចេញពីរោងចក្រគឺនាវា USS Canley ឲ្យចាប់ផ្ដើមប្រតិបត្តិការនៅក្នុងដែនទឹកផងដែរ ។ នាវានេះនឹងឈរជើងនៅកោះ Saipan ក្នុងដែនដី Northern Mariana Islands របស់សហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកខាងលិច ។

សកម្មភាពនេះនឹងផ្ដល់មូលដ្ឋានសមុទ្របន្ថែមទៀតសម្រាប់កងនាវាចរប៉ាស៊ីហ្វិកដ៏ធំរបស់អាមេរិក ។ កងនាវាចរនេះបានគ្របដណ្តប់ជិតពាក់កណ្តាលនៃផ្ទៃផែនដី ចាប់ពីឆ្នេរខាងលិចរបស់អាមេរិកទៅកាន់មហាសមុទ្រឥណ្ឌា អង់តាក់ទិក ដល់តំបន់អាក់ទិក ។ កងនាវាចរប៉ាស៊ីហ្វិក ដែលរួមមានយោធា និងបុគ្គលិកស៊ីវិលចំនួន ១៥០,០០០ នាក់ មានគោលបំណងជំរុញសន្តិសុខដែនសមុទ្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបង្កើនស្ថិរភាពក្នុងតំបន់ជាដើម ។

សូមជម្រាបជូនថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺជាជម្រករបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក និងជាតំបន់ជួយសេដ្ឋកិច្ចពិភពលោកប្រមាណជា ៦០ ភាគរយ ដោយសារតែវាលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងមហាសមុទ្រឥណ្ឌា រួមទាំងប្រទេសអាស៊ីជាច្រើនផងដែរ ។

រដ្ឋបាលលោក Biden បានដាក់ចេញយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនកាលពី ២ ឆ្នាំមុន ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិកបោះយុថ្កាយ៉ាងរឹងមាំចូលទៅក្នុងតំបន់នោះ និងធ្វើការរួមគ្នាជាមួយដៃគូដើម្បីធានាឲ្យមានការតភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់នឹងឥណ្ឌូប៉ាស៊ីហ្វិក ។

រហូតមកដល់ពេលនេះ អាមេរិកបានត្រៀមទឹកប្រាក់ប្រហែល ៣.៣ ពាន់លានដុល្លារអាមេរិកដើម្បីបម្រុងទុកសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាវាមុជទឹក ជាមួយនឹងការផ្តល់ហិរញ្ញប្បទានយោធាបរទេសចំនួន ២ ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ដើម្បីគាំទ្រពួកគេទប់ទល់នឹងការប្រឈមមុខការឈ្លានពានរបស់ចិន រួមទាំងកង្វល់ផ្នែកសន្តិសុខជាមួយប្រទេសនៅក្នុងតំបន់ផ្សេងទៀតដូចជា កូរ៉េខាងជើងផងដែរ ៕

តាមដានជាមួយយើង៖ Million Times
លោក Joe Biden

បកប្រែ ៖ ទីន