លោក Xi Jinping ប្រាប់លោក Blinken ថា អាមេរិក-ចិន គួរតែជា “ដៃគូ មិនមែនសត្រូវ” នោះទេ

លោក Xi Jinping ប្រាប់លោក Blinken ថា អាមេរិក-ចិន គួរតែជា “ដៃគូ មិនមែនសត្រូវ” នោះទេ

ប្រធានាធិបតីចិនលោក Xi Jinping កាលពីចុងសប្ដាហ៍កន្លងទៅបានប្រាប់ចំៗទៅអ្នកការទូតកំពូលអាមេរិកលោក Antony Blinken ថា ប្រទេសមហាអំណាចដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកគួរតែជា “ដៃគូ មិនមែនជាសត្រូវ” នោះទេ បន្ទាប់ពីភាគីទាំងពីរប្រទាក់ក្រឡាលើបញ្ហាព្រួយបារម្ភជាច្រើន ។

លោក Xi បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកថា “ប្រទេសទាំងពីរមានការវិវត្តជាវិជ្ជមានមួយចំនួន ចាប់តាំងពីលោកបានជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រទេសទាំងពីរគួរតែជាដៃគូ មិនមែនជាគូប្រជែង ឬសត្រូវទេ មិនថាបញ្ហានៅកោះតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូងនោះឡើយ” ។

លោក Xi សង្ឃឹមថា “សហរដ្ឋអាមេរិកក៏អាចមានទស្សនៈវិជ្ជមានអំពីការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ ។ នៅពេលដែលបញ្ហាទាំងអស់ត្រូវបានដោះស្រាយ នោះជាពេលដែលទំនាក់ទំនងប្រទេសទាំងពីរអាចមានស្ថេរភាព កាន់តែប្រសើរឡើង និងឆ្ពោះទៅមុខ” ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ដែលអញ្ជើញហោះទៅកាន់ប្រទេសចិនជាលើកទី ២ ក្នុងរយៈពេលតិចជាង ១ ឆ្នាំ បានចង្អុលបង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនងប្រទេសទាំងពីរ ប៉ុន្តែបានជំរុញឱ្យមានសកម្មភាពកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំងលើវិស័យជាច្រើន រួមទាំងការទប់ស្កាត់កិច្ចគាំទ្រសម្រាប់ប្រទេសរុស្ស៊ីផងដែរ ។

លោក Blinken បានព្រមានអំពីការគាំទ្ររបស់ចិនចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដោយនិយាយថា ទីក្រុងប៉េកាំងបានជួយរុស្ស៊ីបង្កើនការផលិតគ្រាប់មីស៊ីល យន្តហោះដ្រូន និងរថក្រោះប្រយុទ្ធជាច្រើន ។ សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការប្រឆាំងនឹងចិន ប្រសិនបើទីក្រុងប៉េកាំងមិនព្រមបញ្ឈប់សកម្មភាពនេះដោយខ្លួនឯង ។

សូមបញ្ជាក់ជូនថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកទីពីរនេះ លោក Antony Blinken បានអញ្ជើញជួបមន្ត្រីកំពូលៗជាច្រើនរូប ក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងលោកប្រធានាធិបតី Xi Jinping នេះផងដែរ ៕

បកប្រែ ៖ ទីន