ថវិកាជាង ១,៦៧លានដុល្លារសមាគមឧកញ៉ាកម្ពុជាប្រមូលបានពីភាគទានរបស់សមាជិកក្នុងឆ្នាំ២០២៤

ក្នុងឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជាប្រមូលចំណូលសរុបជាង ១លានដុល្លារអាម៉េរិកដែលបានមកពីចំណូលភាគទានរបស់សមាជិក ហើយសមាគមឧកញ៉ាកម្ពុជាគ្រោងចំណាយជាង ១លានដុល្លារអាម៉េរិក។ នេះបើតាមអ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា។

ក្នុងពិធីបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញ អ្នកឧកញ៉ា ផែ ហុកឈួន មានប្រសាសន៍ថា នៅឆ្នាំ២០២៤ ចំណូលសរុបរបស់សមាគមឧកញ៉ាកម្ពុជាជាង ១,៦៧ លានដុល្លារអាម៉េរិក ដែលបានមកពីចំណូលភាគទានរបស់ក្រុមប្រឹក្សាភិបាល ចំណូលភាគទានសមាជិក ចំណូលការប្រាក់ និងចំណូលផ្សេងទៀត។ រីឯការចំណាយនៅឆ្នាំ២០២៤ គឺមានជាង ១,៥៦លានដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ាគូសបញ្ជាក់ថា ចំណូលរបស់សមាគមឧកញ៉ានៅឆ្នាំ២០២៤នេះ គឺមានការធ្លាក់ចុះជាង ១,២៦ លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ពោលគឺ នៅឆ្នាំ២០២៣ ចំណូលរបស់សមាគមមានដល់ទៅ ជាង ២,៩៤លានដុល្លារ ខណៈការចំណាយវិញមានជាង ២,២៦ លានដុល្លារ។

ក្រឡែកមកផែនការសកម្មភាពរបស់សមាគមឧកញ៉ានៅឆ្នាំ២០២៤នេះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា សមាគម នឹងនៅតែបន្ដភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រីកិច្ចសហប្រតិបត្តិការរវាងសមាគម ជាមួយនឹងដៃគូសភាពាណិជ្ជកម្មនៃបណ្ដាប្រទេសនានា។ លើសពីនេះ សមាគមឧកញ៉ា ក៏នឹងបន្ដរៀបចំវេទិកាធុរកិច្ចកម្ពុជា នៅឆ្នាំ២០២៤ផងដែរ៕

អត្ថបទ៖ រ៉ាវី រូបភាព៖ ទំព័រហ្វេសប៊ុកទីស្តីការគណៈរដ្ឋមន្រ្តី