សម្តេច ហ៊ុន សែន ប្រកាសអំពាវនាវដល់ក្រុមឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោឲ្យខាងតែបាន

ថ្លែងចេញពីសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ានាល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវត្រូវការការយោគយល់ និងការគាំទ្រពីប្រជាជនកម្ពុជាដែលជាចលនាជាតិមួយ ដើម្បីធ្វើព្រែកជីកហ្វូណនតេជោឲ្យបាន។

ពាក់ព័ន្ធនឹងគម្រោងភស្តភារកម្មដឹកជញ្ជូនផ្លូវទឹកដ៏ធំជាប្រវត្តិសាស្រ្តរបស់កម្ពុជាដែលកំពុងស្ថិតក្នុងដំណាក់សិក្សានៅឡើយ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យក្រុមឧកញ៉ាអ្នកឧកញ៉ា អ្នកមាននៅក្នុងស្រុក ចូលរួមគាំទ្រដល់ការកសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងករណីកម្ពុជាមិនអាចរកប្រាក់ជីកពីក្រៅប្រទេសបាន។ 

សម្តេចមានប្រសាសន៍ថា «កន្លងទៅ វិស័យដឹកជញ្ជូនរបស់កម្ពុជាវបានជួបការលំបាកដោយសារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយពេលខ្លះ វៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាក៏មាន»។

ទន្ទឹមនឹងនេះ សម្តេចក៏បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនកុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍អះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះ ខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។

សម្ដេចបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។ សម្ដេចតេជោបន្ថែមទៀតថា ពេលដែលវៀតណាមស្រួលចិត្តគេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជានោះដែរ៕

អត្ថបទ៖ សាង តេជៈ