សម្តេច ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសមាគមឧកញ៉ាកម្ពុជាស្អែកនេះ

សម្តេច ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសមាគមឧកញ៉ាកម្ពុជាស្អែកនេះ

នៅថ្ងៃទី២៦ ខែមេសាស្អែកនេះ សមាគមឧកញ៉ាកម្ពុជានឹងរៀបចំមហាសន្និបាតលើកទី១របស់ខ្លួននៅសណ្ឋាគារ ហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅតាមបណ្តោយវិថីឈ្នះ-ឈ្នះ ទល់មុខស្ថានីយ៍ទូរទស្សន៍ PNN ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

របៀបវារៈនៃសន្និបាតនេះ នឹងចាប់ផ្តើមដោយការបើកសុន្ទរកថាស្វាគមន៍ និងបើកសន្និបាត​ដោយ​ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ា​កម្ពុជា បន្ទាប់មកនឹងមានរបាយការណ៍ស្តីពីសកម្មភាពសមាគមឧកញ៉ាកម្ពុជាកាលពីឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាព​ឆ្នាំ២០២៤ រួមទាំងរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀត។ នេះបើតាមការឲ្យដឹងពីសមាគមឧកញ៉ាកម្ពុជា។

ជាមួយគ្នានេះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹង​ចូលរួម​ថ្លែង​ចំណាប់​អារម្មណ៍​ នៅក្នុងពិធីបិទសន្និបាត នារសៀល​ថ្ងៃ​ដដែល។ 

សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា ក្រោយបញ្ចប់របាយការណ៍សន្និបាត ក៏មានអមដោយកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ក្រោមអធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដោយមានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឥស្សរជន មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយសសរុបប្រមាណ ៦០០នាក់។

សមាគមឧកញ៉ាកម្ពុជា នឹងចូលរួមក្នុងសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឲ្យកាន់តែខ្ពង់ខ្ពស់ឡើងថែមទៀត នឹងលើកកម្ពស់ការគោរពច្បាប់នៅកម្ពុជា។ 

ក្នុងងជំនួបជាមួយថ្នាក់ដឹកនាំសមាគមឧកញំ៉ាកម្ពុជា សម្តេច ហ៊ុន សែន បានណែនាំឲ្យសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេច ជំរុញឲ្យឧកញ៉ាទាំងអស់ រួមគ្នាធ្វើកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ ហើយត្រូវចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ សម្តេចប្រធានកិត្តិយស បានលើកយកសុភាសិតខ្មែរដែលពោលថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន» ទៅដាស់តឿនឧកញ៉ាៗ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន