យន្តហោះ Air Asia ១គ្រឿងមកដល់កម្ពុជាត្រៀមហោះហើរយកវិញ្ញាបនបត្រប្រតិបត្ដិករហោះហើរផ្លូវការ

យន្តហោះ Air Asia ១គ្រឿងមកដល់កម្ពុជាត្រៀមហោះហើរយកវិញ្ញាបនបត្រប្រតិបត្ដិករហោះហើរផ្លូវការ

បន្ទាប់ពីលើកពេលប្រតិបត្តិការកាលពីចុងឆ្នាំ២០២៣កន្លងទៅ យន្តហោះគ្រឿងទី១ របស់ក្រុមហ៊ុន អ៊ែរ អេស៊ា កម្ពុជា (Air Asia Cambodia) បានហោះហើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយនៅថ្ងៃទី២០ ខែមេសា ជាមួយនឹងការរចនារូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia (ខេមបូឌា) យ៉ាងស្រស់ស្អាត​។

នៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃអាទិត្យនេះបានឲ្យដឹងថា យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ រីឯ ការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ ។

សូមបញ្ជាក់ថា កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ។

គួររំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ម៉ាឡេស៊ី ធ្លាប់បានបង្ហើបគ្រោងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៣ ប៉ុន្តែត្រូវបានលើកពេលទៅពាក់កណ្តាលឆ្នាំ២០២៤វិញ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍កម្រិតថវិការបស់ម៉ាឡេស៊ីបានកាន់កាប់ភាគហ៊ុនចំនួន ៥១% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ខណៈក្រុមហ៊ុន Sivilai Asia របស់កម្ពុជាកាន់កាប់ចំនួន ៤៩%៕

អត្ថបទ៖ ផល កុសល