សម្តេច ហ៊ុន សែន៖ មរណភាពសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជាទាំងមូល

សម្តេច ហ៊ុន សែន៖ មរណភាពសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជាទាំងមូល

នៅលើទំព័រហ្វេសប៊ុកនាយប់ថ្ងៃសៅរ៍ ទី២០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខ អមដោយការបង្ហោះវីដេអូផ្តែផ្តាំកូនចៅជំនាន់ក្រោយរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលសារនេះ សម្តេចបញ្ជាក់ថា មានសារៈសំខាន់ខ្លាំងណាស់។

សម្តេច ហ៊ុន សែន បានឲ្យដឹងថា សម្តេចនៅតាមដានជំងឺរបស់លោក សំបូរ មាណ្ណារ៉ា រហូតម៉ោង៣ទៀបភ្លឺ ពេលភ្ញាក់ពីដំណេកសម្តេចទទួលបាននូវដំណឹងដ៏សែនអាក្រក់គឺមរណភាពរបស់លោក។

តាមដានជាមួយយើង៖ Million Times

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ជាសំណេរថា ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប។

ទន្ទឹមនឹងនេះ សម្តេចបានគូសបញ្ជាក់រំលឺកពីសារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា តាមរយៈវីដេអូប្រមាណជាង ២នាទី សម្រាប់ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យគង់វង្សជានិរន្តរ៍តទៅ មុនពេលលោកចែកឋាន។

សម្តេចថ្លែងថា៖ «ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ។ ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល»។

លើសពីនេះ សម្តេច សូមអរគុណលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលបានជួយសម្តេចនិងសម្តេច ហ៊ុន ម៉ាណែត ក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ សម្តេចថ្លែងបន្តថា «ជំនួយរបស់ខ្ញុំនិងភរិយា១០មុឺនដុល្លារដើម្បីព្យាបាលកាលពី២ខែមុនមិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេ ប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹមនេះនិងសូមជំរាបលាដោយគ្មានពេលជួបវិញ»។

សូមជម្រាបជូនថា លោកបណ្ឌិត សំបូរ មាណ្ណារ៉ា ធ្លាប់ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលអាណត្តិទី៦ ហើយបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សមាជិករាជបណ្ឌិត្យសភាកម្ពុជា, ព្រឹទ្ធសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, ប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរ និងជាសាស្រ្តាចារ្យថ្នាក់ខេមរវិទ្យា និងប្រវត្តិសាស្រ្តខ្មែរ៕