ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារនៅកម្ពុជាមានទំហំ ៨៦.៣ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣

គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤.៣ពាន់លានដុល្លារអាមេរិក ឬជាង ២៦៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើតាមប្រធានសមាគមធនាគារនៅកម្ពុជា។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា៖  «ក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយ ប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤.៣ប៊ីលានដុល្លារអាមេរិក ឬជាង២៦៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)»។ 

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា ក្នុងនោះឥណទានអតិថិជនកើនដល់ ៥៧.៦ប៊ីលានដុល្លារអាមេរិក ឬជាង១៨០ភាគរយ នៃផលិតផលិតផលក្នុងស្រុកសរុប មានប្រជាជនប្រើប្រាស់ប្រមាណជា ៣.៨លានគណនី។ ចំណែកប្រាក់បញ្ញើក៏បានកើនឡើងដល់ ៤៧.៩ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨.៦លានគណនី។

លោកគូសបញ្ជាក់ថា កត្តាទាំងនេះហើយបង្ហាញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យធនាគារ ជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែក បង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន៕

អត្ថបទ៖ ផល កុសល