ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា បញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានស្នើសុំអនុសាសន៍របស់សម្ដេចទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា។ ការស្នើសុំអនុសាសន៍ពីទូតមីយ៉ាន់ម៉ាធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។
លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ប្រាប់សម្តេច ហ៊ុន សែន ថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។ ក្នុងនោះដែរ លោកក៏បានលើកឡើងអំពីការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។ ក្នុងន័យនេះ លោកបានស្នើសុំអនុសាសន៍របស់សម្ដេច ហ៊ុន សែន ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា។
លោកក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការរៀបចំអនុវត្តគោលការណ៍៥ចំណុច សម្រាប់ការឈានឆ្ពោះទៅរកការបោះឆ្នោត ដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ខាងមុខនេះ ដោយក្នុងនោះមានគណបក្សចំនួន៤៥ នឹងចូលរួម ។ ហើយរដ្ឋាភិបាលក៏បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីអោយវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាពមកវិញ។
ជាការឆ្លើយតប សម្ដេចប្រមុខរដ្ឋស្ដីទីថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាព មីយ៉ាន់ម៉ា សម្ដេចធ្លាប់បានបញ្ជាក់ហើយថាសម្ដេចមានបំណងបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ា បន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាពសុខភាព។
ទន្ទឹមនឹងនេះ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
បន្ថែមទៀតនោះ សម្ដេចក៏បានលើកឡើងអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហមហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះជាមួយមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរតែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត ប៉ុន្តែដោយគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច និងការជំនះ របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និង គណបក្សប្រជាជនកម្ពុជា យើងបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ៕