ធនាគារពិភពលោក៖ ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់សម្រាប់វិនិយោគិន

ធនាគារពិភពលោក៖ ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់សម្រាប់វិនិយោគិន

ច្បាប់ស្តីពីវិនិយោគកម្ពុជាថ្មី ជាច្បាប់វិនិយោគដែលមានភាពបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន។

តាមដានជាមួយយើង៖ Million Times

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសង្កត់ធ្ងន់លើការប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមានដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

លោកបន្តថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន។

សូមជម្រាបជូនថា គិតត្រឹម៦ខែចុងក្រោយនេះ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន ១៨០ ២២៥កន្លែង។ បើប្រៀបធៀបរយៈពេល ៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារអាមេរិក៕