ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ក្រុមហ៊ុន Google បានប្រកាសពីផែនការចំណាយសម្រាប់ឆ្នាំ២០២៥ ដែលមានទំហំរហូតដល់ ៧៥ពាន់លានដុល្លារ បើទោះជាបច្ចុប្បន្នក្រុមហ៊ុនមួយចំនួន កំពុងបារម្ភពីផលប៉ះពាល់នៃសង្គ្រាមពន្ធគយ រវាងប្រទេសមហាអំណាចយក្សពិភពលោក។


យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា ផែនការចំណាយក្នុងឆ្នាំនេះរបស់ Alphabet នឹងផ្ដោតសំខាន់លើការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដែលពួកគេគិតថា នឹងអូសទាញក្រុមវិនិយោគិនបានច្រើន ក៏ដូចជាផ្ដល់ប្រាក់ចំណេញខ្ពស់ ទោះជាបច្ចុប្បន្ន ក្រុមវិនិយោគិនកំពុងខ្លាចរអា នឹងការបណ្ដាក់ទុនក្ដី។
អនុប្រធានក្រុមហ៊ុន Alphabet លោក Sachin Gupta បានអះអាងថា បើទោះជាការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នឹងចំណាយខ្ពស់ជាងការរំពឹងទុក ដោយសារបញ្ហាពន្ធគយ ក៏ក្រុមហ៊ុនមិនរារែកក្នុងការដើរតាមផែនការគ្រោងទុកដែរ ដ្បិតតម្រូវការអតិថិជន កំពុងមានសន្ទុះខ្លាំងក្នុងវិស័យមួយនេះ។
សូមជម្រាបដែរថា Alphabet គឺជាក្រុមហ៊ុនតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង ៧នៅអាមេរិក ដែលរកបានប្រាក់ចំណេញ អំឡុងពេលប្រធានាធិបតី Donald Trump ប្រកាសវិធានការទារពន្ធទ្រង់ទ្រាយធំ ពោលតម្លៃភាគហ៊ុនរបស់ពួកគេកើនឡើងជិត ១០% ខណៈក្រុមហ៊ុនដទៃដាំក្បាលចុះព្រមៗគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg