Toyota ត្រៀមផលិតរថយន្ត EV ១៥ ម៉ូដែល ចំនួន ១លានគ្រឿង

កាសែត Nikkei បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនតូយ៉ូតា (Toyota) មានផែនការផលិតរថយន្តអគ្គិសនីប្រហែល ១៥ ម៉ូដែលនៅឆ្នាំ២០២៧ ហើយកំពុងកំណត់គោលដៅផលិតរថយន្តប្រហែល ១ លានគ្រឿងក្នុងមួយឆ្នាំនៅពេលនោះ។

កាសែត Nikkei ផ្សាយថា ឥឡូវនេះក្រុមហ៊ុន Toyota រំពឹងថានឹងផលិតបានប្រហែល ៨០០,០០០ គ្រឿងនៅឆ្នាំ២០២៦ ដែលធ្លាក់ចុះជិត ៥០% ពីផែនការដើមរបស់ខ្លួន។

ក្រុមហ៊ុន Toyota ធ្លាប់បាននិយាយថា ខ្លួនមានបំណងលក់រថយន្ត EV ចំនួន ១.៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ២០២៦ និង ៣.៥ លានគ្រឿងនៅឆ្នាំ២០៣០។ 

នៅឆ្នាំ២០២៤ Toyota បានលក់រថយន្ត EV ជិត ១៤០,០០០ នៅទូទាំងពិភពលោក កើនឡើងប្រហែលមួយភាគបីធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតិចជាង ២% នៃការលក់សរុបទូទាំងពិភពលោកជាង ១០ លានគ្រឿង៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters