កាលពីថ្ងៃទី៣០ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសនៅលើយន្តហោះ Air Force One ថា កិច្ចព្រមព្រៀងទិញលក់កម្មវិធី TikTok ដែលមានប្រជាជនអាមេរិក ១៧០លាននាក់ កំពុងប្រើប្រាស់ នឹងសម្រេចបាននៅក្នុងសប្ដាហ៍នេះ។


យោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក Trump បានបញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មានថា បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងចង់ទិញ TikTok ហើយលោកជឿជាក់ថា កិច្ចព្រមព្រៀងទិញលក់កម្មវិធីចិនមួយនេះ នឹងទទួលបានជោគជ័យ មុនថ្ងៃកំណត់ត្រឹមថ្ងៃទី០៥ ខែមេសា។
ទោះជាមេដឹកនាំអាមេរិកចេញមុខមកអះអាងបែបនេះក្ដី ប៉ុន្តែមកទល់ពេលនេះលោក Trump មិនទាន់បញ្ចេញសមាសភាព នៃក្រុមហ៊ុន ឬក៏បុគ្គល ដែលមានបំណងចង់ទិញកម្មវិធី TikTok ពីក្រុមហ៊ុនចិន ByteDance នៅឡើយនោះទេ។
គួររំលឹកបន្តិចថា រដ្ឋាភិបាលអាមេរិកបានកំណត់ពេលត្រឹមថ្ងៃទី០៥ ខែមេសា ដើម្បីឲ្យ TikTok ស្វែងរកអ្នកទិញកម្មវិធីទាំងស្រុង ឬយ៉ាងតិច ៥០% ដែលមិនមែនជាជនជាតិចិន ដើម្បីអាចបន្តប្រតិបត្តិការនៅអាមេរិកបាន បើមិនដូច្នោះទេត្រូវបិទប្រតិបត្តិការចោលតែម្ដង៕
អត្ថបទ៖ Luffy រូបភាព៖ Reuters