បិទទ្វារអស់ច្រើនឆ្នាំ ផ្សារទំនើប សុវណ្ណា អ្នកឧកញ៉ា ពុង ឃាវសែ ប្រែក្លាយជាអគារថ្មីសាកលវិទ្យាល័យ

មហាសេដ្ឋីលំដាប់លេខ១ នៅកម្ពុជា លោក ពុង ឃាវសែ បានសម្រេចចិត្តប្រែក្លាយផ្សារទំនើប សុវណ្ណា ដែលស្ងាប់ភ្ញៀវហើយក្រោយមកក៏បានបិទទ្វារ ឥឡូវបានរៀបចំជាអគារសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។

នៅថ្ងៃទី២៦ ខែមីនា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានបើកការដ្ឋានសាងសង់អគារសិក្សាថ្មីរបស់ខ្លួន ហើយបញ្ជាក់ថា អគារសិក្សាថ្មីនឹងផ្តល់បរិយាកាសសិក្សាដោយមានបន្ទប់ថ្នាក់រៀន និងបន្ទប់ពិសោធន៍តាមតម្រូវការវិជ្ជាជីវៈ និងបំពាក់ឧបករណ៍ទំនើបៗ សម្រាប់សិស្សអនុវត្តជាក់ស្តែង និងស្របតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ។

តាមដានជាមួយយើង៖ Million Times

​សាកលវិទ្យាល័យនេះជាការបង្កើតឡើង​នៃគំនិត​ផ្តួចផ្តើម​​របស់​អ្នក​ឧកញ៉ា​ ពុង​ ឃាវសែ ក្នុង​ឆ្នាំ២០១៨ ដើម្បី​ផ្តល់​ឱកាសដល់​​យុវជនដែល​មាន​ទេពកោសល្យ​ទទួលបាន​ការអប់រំ​កម្រិតខ្ពស់​នៅឧត្តមសិក្សា។ កាលនោះ លោកបានផ្តល់ផ្ទៃដីទំហំ៥ ហិកតា នៅក្នុងទីក្រុងរណបជ្រោយចង្វារ ធ្វើ​ជាទីធ្លាសាកលវិទ្យាល័យ និងបានចំណាយ​​ថវិកា​វិនិយោគជាង៣ លានដុល្លារ ដើម្បីសាងសង់អគារសិក្សាមួយ​នេះ ព្រមជាមួយនឹងការបំពាក់គ្រឿង​​បរិក្ខារសង្ហារិម​ទំនើប នៅក្នុង​អគារ សួនច្បារ និងអាហារដ្ឋាន។

អតីតផ្សារទំនើបដ៏ល្បីល្បាញមួយដំបូងគេនៅកម្ពុជាដែលស្ថិតនៅកណ្តាលក្រុងភ្នំពេញ សុវណ្ណា ត្រូវបានវិនិយោគអស់ទំហំទុនរាប់លានដុល្លារពីក្រុមហ៊ុន OCIC របស់លោកសេដ្ឋី ពុង ឃាវសែ ស្តេចជំនួញនៅកម្ពុជា។ បន្ទាប់ពីជួបវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចពិភពលោក ផ្សារសុវណ្ណា បានបិទទ្វារជាបណ្តោះអាសន្នតាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា ផ្សារទំនើប​សុវណ្ណា មាន​កម្ពស់​​៥ ជាន់​​មាន​ទំហំ​សរុប​ប្រហែល ១១,១៨៤  ម៉ែត្រការ៉េ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៥០,០០០ ម៉ែត្រ ការ៉េ ហើយ​មាន​ចំណត​ចំនួន ៤០០ កន្លែង ។ ផ្សារ​ទំនើប សុ​វណ្ណា បើក​នៅក្នុង​ឆ្នាំ ២០០៨ ដែល​វា មាន​ទំហំធំជាង​ផ្សារ​ទំ​នើ​ប​សូរិយា​ចំ​នួន ២០ ភាគ​រយ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ Facebook វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន