លោក ជា វ៉ាន់ដេត លើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រកួតប្រជែងដោយស្មោះត្រង់។ ការលើកឡើងនេះ ក្រោយក្រសួងប្រៃសណីយ៍ចុះសិក្សា និងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពេលជួបជាមួយក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) សរុបប្រមាណ ១១០នាក់ កាលព្រឹកថ្ងៃទី២៧ ខែមីនា បានប្រាប់បញ្ហាប្រឈមនានា ដែលក្រសួងបានទទួលតាមរយៈការចុះសិក្សា និងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត។


ឆ្លើយតបនឹងបញ្ហានេះ លោកបានលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រកួតប្រជែងដោយស្មោះត្រង់ ព្រមទាំងប្រាប់ឱ្យបានច្បាស់អំពីសេវាកម្មរបស់ខ្លួន ដើម្បីជៀសវាងការភាន់ច្រឡំ ជាយថាហេតុ។
សូមជម្រាបថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ បានចុះសិក្សា និងប្រមូលព័ត៌មានលម្អិត ពាក់ព័ន្ធនឹងគុណភាព សេវាទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានីខេត្តទូទាំងប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាពសេវាទូរគមនាគមន៍ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕



អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងប្រៃសណីយ៍