Tesla នឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅខែក្រោយនេះ ដែលជាសញ្ញាបង្ហាញថា មហាសេដ្ឋី Elon Musk និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានស្តារទំនាក់ទំនង ហើយឈានទៅបើកទីផ្សារដ៏ធំបំផុតនៅឈូងសមុទ្រ។
សារព័ត៌មាន Reuters ចុះផ្សាយថា ថ្មីៗនេះ Tesla បានចាប់ផ្តើមលក់នៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ប៉ុន្តែមិនទាន់មាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅឡើយដែលជាទីផ្សារធំបំផុតរបស់តំបន់ឈូងសមុទ្រនោះទេ។


គួរឲ្យដឹងថា ទំនាក់ទំនងលោក Elon Musk និងអារ៉ាប៊ីសាអូឌីត បានប្រេះឆានៅពេលដែល Musk បានសរសេរនៅលើ បណ្តាញសង្គម Twitter ក្នុងឆ្នាំ២០១៨ ថា លោកមានមូលនិធិធានាឯកជនដើម្បីយកក្រុមហ៊ុន Tesla បន្ទាប់ពីបានជួបជាមួយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមូលនិធិវិនិយោគសាធារណៈ។
កាលណោះ សារនៅលើ Tweet នោះ នៅទីបំផុតបាននាំឱ្យមានការប្តឹងតវ៉ាពីអ្នកវិនិយោគ នៅពេលការដេញថ្លៃមិនបានសម្រេច ហើយសារដ៏តានតឹងរវាង Musk និងប្រធាន PIF លោក Yasir al-Rumayyan ត្រូវបានផ្សព្វផ្សាយជាសាធារណៈភ្លាមៗ។ ភាពតានតឹងបានធូរស្រាលបន្តិចចាប់តាំងពីពេលដែល Musk បានដើរតួនាទីដ៏ល្បីល្បាញនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក Donald Trump និងបន្ទាប់មកមានរដ្ឋបាលថ្មី។
លោក Donald Trump បាននិយាយថា លោកទំនងជានឹងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានស្នើសុំឱ្យព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតកាលពីខែមករា ក្នុងការចំណាយប្រាក់លើសពី $១ ពាន់ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិករយៈពេល ៤ ឆ្នាំ រួមទាំងការទិញយោធាផងដែរ។
សារព័ត៌មាន Reuters ផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនថា ការដាក់ឱ្យដំណើរការរបស់ក្រុមហ៊ុន Tesla នៅទីក្រុង Riyadh គ្រោងធ្វើនៅថ្ងៃទី១០ ខែមេសា នឹងបង្ហាញរថយន្ត EV និងផលិតផលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។
តាម Tesla នៅថ្ងៃទី១១ ខែមេសា ខាងមុខ វានឹងបើកលក់នៅទីក្រុង Riyadh, Jeddah និង Dammam ។ ក្រុមហ៊ុន Tesla បាននិយាយបន្ថែមថា នឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការរបស់ខ្លួនសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងសប្តាហ៍ខាងមុខនេះ ជាមួយនឹងការវិនិយោគគ្រោងសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តទៅមុខ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters