ចិន មិនទាន់យល់ព្រមឲ្យ BYD សាងសង់រោងចក្រនៅម៉ិកស៊ិក ទេ បារម្ភបច្ចេកវិទ្យាលេចធ្លាយដល់អាមេរិក


ប្រទេសចិនកំពុងពន្យារពេលការយល់ព្រមឱ្យ BYD សាងសង់រោងចក្រនៅប្រទេសម៉ិកស៊ិក ដោយសារការព្រួយបារម្ភបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD អាចលេចធ្លាយដល់សហរដ្ឋអាមេរិក។ នេះបើតាមកាសែត Financial Times រាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីប្រភពមនុស្សពីរនាក់។

ក្រុមហ៊ុន BYD បានឈានជើងចូលប្រឡូកក្នុងទីផ្សារថយន្តអគ្គិសនីនៅប្រទេសម៉ិចស៉ីករួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់មានរោងចក្រនៅទីនៅឡើយទេ។ នាយកប្រតិបត្តិក្រុមហ៊ុន BYD Americas លោកស្រី Stella Li បានលើកឡើងថា កំពុងស្វែងរកទីតាំងមួយដ៏ល្អសមរម្យនៅប្រទេសម៉ិកស៊ិកសាងសង់រោងចក្រ ដើម្បីបង្កើនចំណែកទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

តាមដានជាមួយយើង៖ Million Times
China’s BYD opens its first electric vehicle (EV) factory in Southeast Asia, a fast-growing regional EV market, in Rayong, Thailand, July 4, 2024. REUTERS/Chalinee Thirasupa

លោកស្រីបាននិយាយថា BYD កំពុងស្វែងរកដីនៅតំបន់កណ្តាល និងភាគខាងត្បូង ជាជាងភាគខាងជើងម៉ិកស៊ិក ដែលនៅជិតព្រំដែនសហរដ្ឋអាមេរិក ព្រោះថាថ្លៃដឹកជញ្ជូនដើម្បីទៅដល់អ្នកប្រើប្រាស់មានតម្លៃថ្លៃ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាយក្សចិន BYD បានពង្រីកវិសេសវិសាលគួរឱ្យភ្ញាក់ផ្អើលនៅប៉ុន្មានឆ្នាំនេះ តាមរយៈការបង្កើនសមត្ថភាព និងចំនួនបុគ្គលិក ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនឱ្យវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅពិភពលោក Tesla។

ដោយមានការគាំទ្រពីការលក់នៅក្នុងស្រុកដ៏រឹងមាំនៅប៉ុន្មានខែចុងក្រោយនេះ បានជួយឱ្យក្រុមហ៊ុន BYD កំពុងឈានទៅសម្រេចគោលដៅលក់រថយន្តឱ្យបាន៤លានគ្រឿងដែលអាចច្រើនជាងបរិមាណលក់របស់ក្រុមហ៊ុន Honda និងក្រុមហ៊ុន Ford។ ជាក់ស្តែងនៅក្នុងរយៈពេល១១ខែឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ជាង៣លាន៧សែនគ្រឿង៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters