ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Xpeng បង្ហើបគម្រោងចាយលុយជិត ១៤ពាន់លានដុល្លារ បង្កើតមនុស្សយន្ត

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេមួយនៅប្រទេសចិន Xpeng បានបង្ហើបថា ពួកគេកំពុងសិក្សាពីផែនការផលិតមនុស្សយន្ត ដែលជាគម្រោងការណ៍រយៈពេលយូរ និងត្រៀមកញ្ចប់វិនិយោគរហូតដល់ ១០០ពាន់លានយ៉ន់ ឬប្រហែល ១៣,៨០ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Securities Times បានចុះផ្សាយថា CEO ក្រុមហ៊ុន Xpeng លោក He Xiaopeng បាននិយាយថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចស្រេចក្នុងការបណ្ដាក់ទុនយ៉ាងច្រើន នៅក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត បន្ទាប់ពីពួកគេធ្លាប់បានប្រឡូក និងទទួលបានជោគជ័យក្នុងការផលិតមនុស្សយន្តដំណាក់កាលដំបូងនាពេលកន្លងមក។

នាយកប្រតិបត្តិរូបនេះបាននិយាយថា « Xpeng បានធ្វើការនៅក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត រយៈពេល ៥ឆ្នាំហើយ ហើយទំនងបន្តដំណើរក្នុងអាជីវកម្មនេះបន្ថែម ២០ឆ្នាំទៀត ជាមួយការបណ្ដាក់ទុនចន្លោះពី ៥០ ទៅ ១០០ពាន់លានយ៉ន់»។

គួរជម្រាបដែរថា ក្រុមហ៊ុន Xpeng ចាប់ផ្ដើមប្រឡូកក្នុងទីផ្សារផលិតមនុស្សយន្តដំបូងនៅក្នុងឆ្នាំ២០២០ និងបានជោគជ័យក្នុងការបង្កើតមនុស្សយន្ត ដែលមានឈ្មោះថា Iron កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែង ជាមួយមនុស្សយន្តក្រុមហ៊ុន Tesla៕

អត្ថបទ៖ Luffy រូបភាព៖ ET Auto