នាយករដ្ឋមន្ត្រីវៀតណាមសន្យាផ្តល់អាជ្ញាប័ណ្ណរហ័សសម្រាប់ក្រុមហ៊ុន Starlink របស់ Elon Musk

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលចង់ចេញអាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk ដើម្បីផ្តល់អ៊ីនធឺណិតតាមផ្កាយរណបនៅក្នុងប្រទេសក្រោមគម្រោងសាកល្បងមួយ។

លោក Chinh បាននិយាយជាមួយធុរកិច្ចអាមេរិកជិត ៤០នាក់នៅទីក្រុងហាណូយ ហើយបានប្រាប់ថា វៀតណាមកំពុងចាត់វិធានការដើម្បីធ្វើឱ្យមានតុល្យភាពអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើងវិញ ដោយលើកឡើងពីសក្តានុពលនៃការនាំចូលយន្តហោះ អាវុធ ឧស្ម័នធម្មជាតិរាវ ទំនិញកសិកម្ម និងផលិតផលឱសថ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters ចុះផ្សាយថា ទីក្រុងហាណូយកំពុងព្យាយាមជៀសវៀងការយកពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចេញទំនិញសំខាន់ៗរបស់ខ្លួន ដែលបានរួមចំណែកដល់អតិរេកពាណិជ្ជកម្មកាលពីឆ្នាំមុន ដែលធ្វើអោយប្រទេសអាស៊ីអាគ្នេយ៍នេះងាយរងគ្រោះនឹងពន្ធទៅវិញទៅមកដែលត្រូវបានព្រមានដោយប្រធានាធិបតី Donald Trump ។

រដ្ឋាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនដោយបង្ហាញព័ត៌មានអំពីជំនួបពិភាក្សាជាមួយធុរកិច្ចអាមេរិកថា “នាយករដ្ឋមន្ត្រីបានណែនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱ្យចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន Starlink អ៊ីនធឺណិត (សេវាកម្ម) យ៉ាងឆាប់រហ័ស” ។

កាលពីខែកុម្ភៈ សភាវៀតណាមបានអនុម័តគម្រោងបណ្ដោះអាសន្នមួយដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតតាមផ្កាយរណបផ្តល់សេវាកម្មក្នុងប្រទេសវៀតណាម តាមរយៈការសន្យានេះទំនងបើកផ្លូវឲ្យមហាសេដ្ឋីអាមេរិក Elon Musk ទៅវិនិយោគនៅវៀតណាមឲ្យបានឆាប់៕

អត្ថបទ៖ សារ៉ាយ រូបភាព៖