FBI អះអាងថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយការលួចលុយ ១,៥ពាន់លានដុល្លារ របស់ ByBit

កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បាននិយាយថា កូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយ និងជាអ្នកទទួលខុសត្រូវ ចំពោះការលួចទឹកប្រាក់ ១,៥ពាន់លានដុល្លារ ពីផ្លេតហ្វមជួញដូរកាក់គ្រីបតូ ByBit នាពេលកន្លងទៅ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានស្រង់សម្ដីពីទីភ្នាក់ងារ FBI ដោយបានហៅក្រុមហេគ័ររបស់កូរ៉េខាងជើងថា TraderTraitor និងអះអាងថា ក្រុមនេះសកម្មបំផុតក្នុងការប្រព្រឹត្តអំពើអាក្រក់តាមបណ្ដាញអ៊ីនធឺណិត ជាពិសេសគឺការលួចលុយឌីជីថលតែម្ដង។

ទីភ្នាក់ងារស៊ើបអង្កេតអាមេរិកបញ្ជាក់ទៀតថា ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដែលត្រូវបានលួចពីផ្លេតហ្វម ByBit ទំនងនឹងត្រូវកូរ៉េខាងជើងធ្វើសកម្មភាពលាងលុយ និងបំលែងទៅជាលុយសុទ្ធនាពេលឆាប់ៗ។

គួររំលឹកបន្តិចថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រុមហ៊ុន ByBit ត្រូវបានហេគ័រមួយក្រុមលួចលុយប្រហែល ១,៥ពាន់លានដុល្លារ ពីការជួញដូររូបិយប័ណ្ណកាក់គ្រីបតូ និងត្រូវបានចាត់ទុកថា ជាការលួចលុយតាមប្រព័ន្ធអ៊ីនធឺណិតធំបំផុតមិនធ្លាប់មានលើពិភពលោក៕

អត្ថបទ៖ Luffy រូបភាព៖ The Korea Times