កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានប្រកាសថា ពួកគេកំពុងរៀបចំការតំឡើងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ សម្រាប់អតិថិជនរបស់ខ្លួន នៅទូទាំងប្រទេសចិន។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា មុខងារបើកបរដោយស្វ័យប្រវត្តិ ដែលក្រុមហ៊ុន Tesla ត្រៀមតំឡើងសម្រាប់រថយន្តនៅចិន គឺមានលក្ខណៈស្រដៀងគ្នាជាមួយមុខងារ FSD នៅសហរដ្ឋអាមេរិកដែរ។
អតិថិជន Tesla នឹងទទួលបានមុខងារថ្មីនេះលើរថយន្តរបស់ពួកគេ បើសិនជាចំណាយប្រាក់ ៦៤ ០០០យ៉ន់ ឬប្រហែល ៨ ៨៣១ដុល្លារ ខណៈមុខងារនេះផងដែរ នឹងអនុញ្ញាតឲ្យម្ចាស់រថយន្ត Tesla ប្រើកម្មវិធីបើកបរដោយស្វ័យប្រវត្តិនៅលើផ្លូវជាតិ និងក្នុងទីក្រុង។
សូមជម្រាបដែរថា ការប្រកាសរបស់ក្រុមហ៊ុន Tesla ត្រូវបានធ្វើឡើង បន្ទាប់ពីគូប្រជែងដ៏ធំ គឺក្រុមហ៊ុន BYD ចាប់ផ្ដើមបំពាក់មុខងារបើកបរដោយស្វ័យប្រវត្តិលើរថយន្តរបស់ពួកគេ កាលពីដើមខែនេះ ជាហេតុធ្វើឲ្យ Tesla រងនូវសម្ពាធថ្មី ពីការប្រកួតប្រជែងនៅលើទីផ្សារប្រទេសចិន៕
អត្ថបទ៖ Luffy រូបភាព៖ The Star