កាលពីដើមសប្ដាហ៍នេះ រដ្ឋាភិបាលចិនបានអនុម័តសំណើសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវក្រោមបាតសមុទ្រលើកដំបូងរបស់ខ្លួន ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូង។
តាមរយៈការចុះផ្សាយពីគេហទំព័រ GlobalData បានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រ ដល់ការរុករកជីវចម្រុះនៅបាតសមុទ្រ ហើយវានឹងសង់នៅក្រោមទឹក ជម្រៅយ៉ាងតិច ២ ០០០ម៉ែត្រ ដែលជាទីតាំងពោរពេញទៅដោយធនធានធម្មជាតិ។


អ្នកវិទ្យាសាស្ត្រ និងស្រាវជ្រាវ Jin Jianping មកពីវិទ្យាស្ថានសមុទ្រចិនខាងត្បូងនៃមហាសមុទ្រនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ទទួលបន្ទុកលើការដឹកនាំគម្រោងមួយនេះអះអាងថា មជ្ឈមណ្ឌលមួយនេះ នឹងសង់នៅក្នុងសមុទ្រដ៏ជ្រៅបំផុត និងបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបផុតលេខ ហើយគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០៣០ ខណៈការសាងសង់នឹងចាប់ផ្ដើមឆាប់ៗនេះ។
អ្នកស្រាវជ្រាវរូបនេះថែមទាំងអះអាងទៀតថា មជ្ឈមណ្ឌលមួយនោះ នឹងអាចផ្ទុកអ្នកវិទ្យាសាស្ត្របាន ៦នាក់ សម្រាប់ការបំពេញបេសកកម្មរហូតដល់មួយខែ។
សូមជម្រាបដែរថា សមុទ្រចិនខាងត្បូងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ជាជង្រុកធនធានធម្មជាតិសំបូរបែប ពោលរ៉ែកម្រៗដូចជា កូបាល់ និងនីកែល ត្រូវបានប៉ាន់ស្មានថា មានច្រើនជាងនៅលើផ្ទៃដី រហូតដល់ ៣ដងឯណោះ៕
អត្ថបទ៖ Luffy