OpenAI ទាត់ចោលសំណើទិញក្រុមហ៊ុនតម្លៃជាង ៩៧ពាន់លានដុល្លារ របស់មនុស្សកំពូលលុយ Elon Musk

កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ក្រុមប្រឹក្សាភិបាល​ OpenAI បានទាត់ចោលសំណើទិញក្រុមហ៊ុនក្នុងតម្លៃ ៩៧,៤ពាន់លានដុល្លារ របស់មហាសេដ្ឋី Elon Musk ដោយបាននិយាយថា ក្រុមហ៊ុនរបស់ពួកគេ មិនមែនបង្កើតឡើងសម្រាប់លក់រកប្រាក់ចំណេញទេ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា មូលហេតុដែល Elon Musk មានបំណងចង់ទិញក្រុមហ៊ុន OpenAI ដែលលោកធ្លាប់ជាសហស្ថាបនិកមួយរូប ក៏ព្រោះតែលោកយល់ឃើញថា ក្រុមហ៊ុននេះកំពុងដើរខុសពីគន្លងដែលធ្លាប់បានសន្យា ពោលគឺបង្កើតឡើងក្នុងគោលបំណងជាក្រុមហ៊ុនមិនរកប្រាក់ចំណេញ តែបច្ចុប្បន្ន OpenAI បែរជាកំពុងស្វែងរកការបណ្ដាក់ទុនយ៉ាងច្រើន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ទាក់ទងនឹងអំណះអំណាងរបស់មនុស្សកំពូលលុយរូបនេះ ក្រុមប្រឹក្សាភិបាល OpenAI ក៏បានចេញមុខបកស្រាយថា ការណ៍ដែល Elon Musk មានបំណងទិញក្រុមហ៊ុនពួកគេ គឺដើម្បីលុបពួកគេចេញពីបញ្ជីគូប្រកួតប្រជែង ក្នុងវិស័យបច្ចេកវិទ្យា។

ប្រធានក្រុមប្រឹក្សាភិបាល OpenAI លោក Bret Taylor បានអះអាងថា ក្រុមហ៊ុនរបស់លោក នឹងប្រកាន់ខ្ជាប់ជំហរជាក្រុមហ៊ុនមិនរកប្រាក់ចំណេញ ហើយថែមទាំងធានាទៀតថា រាល់ការស្រាវជ្រាវទាក់ទងនឹងវិស័យបច្ចេកវិទ្យាទាំងអស់ គឺដើម្បីផលប្រយោជន៍មនុស្សជាតិទូទាំងពិភពលោក៕

អត្ថបទ៖ Luffy រូបភាព៖ TechBullion / Bloomberg