ក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតនៅកូរ៉េខាងត្បូង Samsung បានប្រកាសថា ពួកគេកំពុងរៀបចំផែនការ ដើម្បីពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។


ទីភ្នាក់ងារព័ត៌មាន VNExpress បានរាយការណ៍ថា ផែនការវិនិយោគថ្មីរបស់ក្រុមហ៊ុន Samsung នឹងផ្ដោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ការផលិតបន្ទះឈីប និងបច្ចេកវិទ្យាឌីជីថលទំនើបៗជាច្រើនទៀត។
គួររំលឹកបន្តិចថា ចាប់តាំងពីបោះជំហានចូលទីផ្សារវៀតណាម Samsung បានចាយលុយវិនិយោគក្នុងប្រទេសវៀតណាម ច្រើនជាង ២៣ពាន់លានដុល្លារ ហើយកាលពីឆ្នាំទៅ ពួកគេបាននាំចេញផលិតផលសម្រេចបានលើសពី ៥៤ពាន់លានដុល្លារផងដែរ។
សូមជម្រាបដែរថា វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនធំៗ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលកំពុងមានតម្រូវការខ្លាំងទូទាំងសកលលោក ដោយសារទទួលបានការលើកទឹកចិត្តច្រើនពីរដ្ឋាភិបាល និងអត្រាតម្លៃពលកម្មទាបជាងបណ្ដាប្រទេសមួយចំនួន៕
អត្ថបទ៖ Luffy រូបភាព៖ VIR