នៅក្នុងសន្និបាតបូកសរុបការងារ ៥ ឆ្នាំ ២០២០-២០២៤ កាលពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីលទ្ធផលនាកន្លងទៅ ហើយក៏បានលើកឡើងបញ្ហាប្រឈមមួយចំនួន ដែលក្រសួងត្រូវយកចិត្តទុកដាក់ដោះស្រាយផងដែរ។


លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា បើទោះបីជាវិស័យប្រៃសណីយ៍ និងឌីជីថល ទទួលបានសមិទ្ធផលធំធេងជាច្រើនរយៈពេល ៥ ឆ្នាំចុងក្រោយនេះក្តី តែក្រសួងក៏នៅមានបញ្ហាប្រឈមមួយចំនួន ត្រូវយកចិត្តទុកដាក់ដោះស្រាយ។ បញ្ហាទាំងនោះរួមមាន៖
– សមត្ថភាពមន្ត្រីមួយចំនួន ពុំអាចចាប់យកការបណ្ដុះបណ្ដាល ឬបច្ចេកវិទ្យា និងកាលានុវត្តនភាពថ្មីៗ ដែលវិវត្តយ៉ាងឆាប់រហ័សបានឡើយ
– ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិតដែលកើនឡើងយ៉ាងគំហុក
– ការកែលំអផ្លូវជាតិ ផ្លូវក្រុង និងផ្លូវទីប្រជុំជនមួយចំនួន បានប៉ះពាល់ដល់បណ្ដាញខ្សែ
– កំណើនសំណង់អគារខ្ពស់ៗនៅទីក្រុង ធ្វើឲ្យបាំងខ្ទប់សេវាទូរស័ព្ទ
– ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងមួយចំនួន ពុំសហការលើការសាងសង់បង្គោលអង់តែន ដោយយល់ថាបង្គោលអង់តែនធ្វើឲ្យខូចសោភណភាពលំនៅឋាន ឬប៉ះពាល់ដល់សុខភាព
– ការអភិវឌ្ឍបុរីមួយចំនួន ពុំបានរៀបចំបណ្ដាញខ្សែកាបអុបទិកក្រោមដីទុកជាមុន ឬពុំបានត្រៀម បម្រុងទុកទីតាំងសាងសង់បង្គោលអង់តែន ហើយម្ចាស់បុរីមួយចំនួន បានផ្ដល់សិទ្ធិផ្ដាច់មុខដល់ប្រតិបត្តិករតែមួយ ឬអាចរារាំងការផ្ដល់សេវាទូរគមនាគមន៍ តាមវិធីផ្សេងៗទៀត
– សកម្មភាពប្រកួតប្រជែងមិនស្របច្បាប់ខ្លះៗ នៅក្នុងអាជីវកម្មទូរគមនាគមន៍ នៅពុំទាន់លុបបំបាត់បានទាំងស្រុង
– ធនធានមនុស្សជំនាញឌីជីថលនៅមានចំនួនកម្រិត ជាពិសេសនៅតាមក្រសួងស្ថាប័ន និងវិស័យឯកជន មិនទាន់អាចឆ្លើយតបទៅនឹងការវិវត្តផ្លាស់ប្ដូរ បច្ចេកវិទ្យាឈានមុខថ្មីៗ ដូចជា សេវាទូរស័ព្ទ 5G បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនស្វ័យសិក្សា ការវិភាគទិន្នន័យធំ បច្ចេកវិទ្យាក្លោដ បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ ជាដើម
– កិច្ចសហការជាមួយក្រសួងស្ថាប័នមួយចំនួននៅមានកម្រិត ដែលនាំឲ្យការធ្វើបរិវត្តកម្មឌីជីថល មានភាពយឺតយ៉ាវ
– ក្រសួងស្ថាប័នមួយចំនួនមិនទាន់មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រព័ន្ធ រឹងមាំឆ្លើយតបទៅនឹងតម្រូវការ ការវិភាគលំហូរឯកសារ និងការធ្វើស្វ័យប្រវត្តិកម្មលំហូរការងារ (BPA) ហើយទិន្នន័យតាមក្រសួងស្ថាប័នមួយចំនួន មិនអាចគ្រប់គ្រងបាន និងទិន្នន័យខ្លះពុំអាចធ្វើអន្តរប្រតិបត្តិការ (Interoperability) សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម របស់រាជរដ្ឋាភិបាល
– ការអភិវឌ្ឍថ្នាល និងកម្មវិធីឌីជីថល មិនផ្អែកទៅលើនិម្មាបនកម្មសន្តិសុខ ធ្វើឲ្យថ្នាល និងកម្មវិធីទាំងនោះមានចន្លោះប្រហោង ដែលអាចធ្វើឲ្យមានការវាយប្រហារ និងលួចទិន្នន័យ ក្រសួងស្ថាប័ន មិនមានបំណងចែករំលែកទិន្នន័យ ដោយព្រួយបារម្ភពីការលួចទិន្នន័យ ប៉ុន្តែជាក់ស្ដែង ក្រសួង ស្ថាប័នមួយចំនួននោះ បានរក្សាទុកទិន្នន័យនៅក្រៅប្រទេស ឬប្រគល់ទិន្នន័យឲ្យក្រុមហ៊ុនបរទេសដោយស្វ័យប្រវត្តិ និងស្ម័គ្រចិត្តរួចហើយ
– មន្ត្រីគ្រប់គ្រងការអភិវឌ្ឍប្រព័ន្ធនៅតាមក្រសួង ស្ថាប័នមួយចំនួន ពុំសហការផ្នែកបច្ចេកទេសជាមួយក្រសួង ប៉ុន្តែបែរជាអភិវឌ្ឍដោយខ្លួនឯង ឬផ្ដល់គម្រោងឲ្យក្រុមហ៊ុនអភិវឌ្ឍដែលពុំឈរលើគុណវុឌ្ឍិ និងស្តង់ដារបច្ចេកទេស ឬសុវត្ថិភាពទិន្នន័យ
– ទិន្នន័យរបស់កម្ពុជាភាគច្រើន ត្រូវបានរក្សាទុកនៅក្រៅប្រទេស ដែលបច្ចុប្បន្ន ក្រសួងកំពុងរៀបចំធ្វើការរក្សាទុកទិន្នន័យក្នុងស្រុក (Data Localization)៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia